ឆ្នេរសមុទ្រខេត្តព្រះសីហនុលែងមានទឹកកខ្វក់ហូរចូល ហេីយប្រែជាខៀវស្រងាត់វិញហើយ
- March 27, 2019
មួយរយៈមុន បងប្អូនប្រជាពលរដ្ឋជាច្រើនមានការប្រតិកម្មយ៉ាងខ្លាំង ចំពោះការបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រនៅខេត្តព្រះសីហនុ ធ្វើឲ្យទឹកសមុទ្រ ដែលធ្លាប់តែមានពណ៌ខៀវស្រងាត់ ប្រែទៅជាខ្មៅ ហើយភ្ញៀវទេសចរណ៍មួយចំនួនក៏មិនហ៊ានចុះងូតទឹកសមុទ្រលេងផងដែរ។ បើយោងតាមការបញ្ជាក់ឲ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បានឲ្យដឹងផងដែរថា “ពេលនេះសមុទ្រ និងឆ្នេរបានត្រឡប់មករកភាពប្រក្រតីគឺខៀវស្រងាត់ ស្រស់បំព្រង ។ ទាំងនេះគឺជាការខំប្រឹងប្រែងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលមាន សម្តេចតេជោជាប្រមុខ ព្រមទាំងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានការចូលរួមពីអាជ្ញាធរ មន្ទីរអង្គភាពជំនាញ ពាក់ព័ន្ធ នានា និងបងប្អូនគ្រប់មជ្ឍដ្ឋាន។ សូមបងប្អូន មកលេងកម្សាន្តនៅសមុទ្រ និងឆ្នេរដ៍ស្រស់ស្អាត របស់យេីងទាំងអស់គ្នា!”។
ក្នុងនោះផងដែរ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក៏បានបញ្ជាក់ដូចគ្នាដែរថា “វេលាម៉ោង ១៤ រសៀល ថ្ងៃអង្គារ៍ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៩ ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុលែងមានទឹកកខ្វក់ហូរចូលទៀតហេីយ តទៅនេះឆ្នេរសមុទ្រនៅខេត្តព្រះសីហនុរបស់យេីងនឹងផ្លាស់ប្តូរទៅជាប្រក្រតីវិញហេីយ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន។”៕

អត្ថបទ៖ សេម
រូបភាព៖ ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់
- Share This Post:



















