បុរសម្នាក់ រពិសដៃយកដំថ្មគប់កញ្ចក់ប៉ុស្តិ៍យាមប្រចាំការរបស់នគរបាល រួចគេចខ្លួន តែចុងក្រោយត្រូវជាប់អន្ទាក់របស់សមត្ថកិច្ច
- May 17, 2024
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០និង០៥នាទី មានករណីគប់កញ្ចក់ប៉ុស្តិ៍យាមរបស់នគរបាល បណ្តាលឱ្យបែកនៅចំណុចកែងមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ដូចពាក្យចាស់លោកពោលថា រពិសដៃផ្ទៃឆ្អែត ប៉ុន្តែបុរសម្នាក់នេះរពិសដៃខុសក្បួនចូលគុក។

ជនដែលប្រព្រឹត្ត្របានធ្វើសកម្មភាពរួចបានគេចខ្លួនទីបំផុតនៅតែជាប់អន្ទាក់របស់សមត្ថកិច្ច។ នគរបាលបានឲ្យដឹងថា៖ ក្រោយពីកើតមានករណីគប់កញ្ចក់ប៉ុស្តិ៍យាមប្រចាំការពេលយប់របស់កម្លាំងនគរបាល នៅចំណុចកែងមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ។ លោកឧត្តមសេនីយ៍សេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជាឱ្យកម្លាំងនគរបាលជំនាញ ចុះស្រាវជ្រាវសាកសួរជុំវិញព័ត៌មាននេះ និងសាក្សីនៅម្តុំកន្លែងកើតហេតុនិងថតរូបជនប្រព្រឹត្តបានហើយ បង្ហាញដល់សមត្ថកិច្ច ដោយគាត់និយាយប្រាប់សមត្ថកិច្ចថា មានមនុស្សប្រុស០១នាក់ អាយុប្រហែល ២៥ឆ្នាំ បានយកដុំថ្មគប់កញ្ចក់ទីស្នាក់ការរបស់នគរបាលផ្នែកខាងឆ្វេង ហើយក៏បានដើរចេញទៅផ្លូវសៀមរាមហៅម៉ូតូឌុបជិះទៅខាងផ្លូវសៀមរាប បន្ទាប់មកកម្លាំងជំនាញបានទៅផ្លូវសៀមរាប បានអោយរូបថតអ្នកដែលគប់កញ្ចក់ទីស្នាក់ការទៅឱ្យអ្នករត់ផាសអាប់នៅផ្លូវទៅសៀមរាបមើល គាត់បាននិយាយថាបុរស០១នាក់នេះបានកាក់ឡានតាក់ស៊ី ម៉ាកtoyota Hiace ១៥កៅអី រួចឡើងជិះទៅខេត្តសៀមរាមហើយ។
នគរបាលបានបញ្ជាក់ថា ដោយមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញបានសហការជាមួយនគរបាលជំនាញខេត្តសៀមរាប ឈានដល់ការឃាត់ខ្លួនមុខសញ្ញាឈ្មោះ អ៊ូ ប៊ុនថង ភេទប្រុស អាយុ ៣៩ឆ្នាំ រួចបាននាំខ្លួនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចបានសារភាពថា គេពិតជាបានធើ្វសកម្មភាពយកដំថ្មគប់កញ្ចក់ប៉ុស្តិ៍យាម អោយបែកមែន ដោយតែរូបគេស្រវឹងស្រា។
បច្ចុប្បន្នជនសង្ស័យត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police
- Share This Post:






