សង្គម

តើរូបនៅក្នុងប្រាសាទតាព្រហ្មនេះពិតជាដាយណូស័រមែនឬ? តោះមកមើលការបកស្រាយទាំងអស់គ្នា

BY
Khmernote Media
March 30, 2019

មានមនុស្សជាច្រើនមិនថា តែភ្ញៀវជាតិ និងអន្តរជាតិនោះទេមានការងឿងឆ្ងល់នៅពេល ដែលចូលទៅទស្សនានៅក្នុងប្រាសាទតាព្រហ្ម គេឃើញមានរូបចម្លាក់មួយ ដែលមើលទៅដូចជារូបដាយនស័រ។ ប៉ុន្តែយើងមិនមានឯកសារណាមួយច្បាស់លាស់ណាមួយអាចចង្អុលបង្ហាញបានថា រូបចម្លាក់នៅក្នុងប្រាសាទមួយនេះគឺពិតជារូបដាយណូស័រដែលបានផុតពូជទៅរាប់រយលានឆ្នាំហើយនោះទេ។ ដោយឡែកតាមរយៈការបកស្រាយរបស់មគ្គុទេសទេសចរណ៍នៅក្នុងតំបន់សៀមរាបអង្គរបានបកស្រាយថា រូបនេះមិនមែនជារូបដាយណូស័រនោះទេគឺគ្រាន់តែជារូបសត្វជ្រូកព្រៃ ឬជាសត្វរមាស ដែលមាននៅក្នុងទឹកដីខ្មែរយើងកាលពីប៉ុន្មានរយឆ្នាំមុន ប៉ុន្តែដោយសារការឆ្លាក់មើលទៅស្រដៀងទៅនឹងសត្វពពួកដាយណូស័រដែលរស់រានមានជីវិតរាប់លានឆ្នាំមុន។

បន្ថែមពីនេះទៅទៀតតាមការបកស្រាយមួយផ្សេងទៀតបានអោយដឹងថា កាលពីសម័យអង្គរនៅពេល ដែលដូនតាយើងកាត់ថ្មនៅជើងភ្នំគូលែន ប្រហែលជាឃើញផូសុីលរបស់ដាយណូស័នៅក្នុងថ្មភ្នំនៅពេល ដែលគេកាត់ថ្មដើម្បីយកមកកសាងប្រាសាទ ព្រោះនៅក្នុងទឹកដីខ្មែរយើងគឹជាកំណកបន្ទុះភ្នំភ្លើង ដែលកើតឡើងនៅប៉ុន្មានលានឆ្នាំមុន និងជាពេលដែលពពួកថនិកសត្វធំៗ ឬពពួកដាយណូស័រ ដូចនេះហើយបានជាយើងឃើញឆ្អឹង ឬផូសុីលដែលនៅកប់ក្នុងដីរាប់លានឆ្នាំមកហើយ។

គួរបញ្ចាក់ផងដែរថា ប្រាសាទតាព្រហ្មជាប្រាសាទដែលបានសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី៧ សម្រាប់ឧទ្ទិសថ្វាយដល់ព្រះមាតារបស់ទ្រង់នៅក្នុងឆ្នាំ ១១៨៦ ប្រហែល ៥ឆ្នាំក្រោយព្រះអង្គសាងសង់រាជធានីអង្គរធំ ហើយព្រះអង្គបានសង់ប្រាសាទមួយទៀតសម្រាប់ព្រះបិតារបស់ទ្រង់ប្រហែល១០ឆ្នាំក្រោយទីក្រុងអង្គរធំនៅក្នុងឆ្នាំ ១១៩១។ មិនតែប៉ុណ្ណោះប្រាសាទតាព្រហ្មជាប្រាសាទដែលមានអ្នកចូលទស្សនាច្រើនផងដែរនៅក្នុងឧទ្យានអង្គរ។ ប្រសិនបើបងប្អូនចង់ទៅឃើញរូបដាយនស័រនៅក្នុងប្រាសាទនេះ អ្នកអាចដើរចូលប្រាសាទតាមច្រកក្លោងទ្វារខាងលិចនៅជាន់នឹងក្លោងទ្វារកណ្ដាលនៃជាន់ទីបីនៃប្រាសាទ៕

អត្ថបទ៖ សុគុណា

Share This Post: