អ្នកជិះកង់ប្រមាណជាង ៣០០នាក់ នឹងចេញដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារអង្គរ
- May 18, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា អ្នកជិះកង់ប្រមាណជាង ៣០០នាក់ នឹងចេញដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាជិះកង់កម្ពុជាបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រណាំងកង់រៃអង្គាសថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ដោយសហព័ន្ធទទួលពាក្យពីអ្នកជិះកង់មកពីគ្រប់ខេត្ត ក្រុង ប្រមាណជាង ៣០០នាក់ប៉ុណ្ណោះ។
អគ្គលេខាធិការបាននិយាយថា អ្នកចូលរួមម្នាក់ៗត្រូវបង់ប្រាក់ ២៥ដុល្លារ ហើយសហព័ន្ធនឹងចែកអាវយឺត និងមេដាយទុកជាអនុស្សាវរីយ៍ ដើម្បីលើកទឹកចិត្តដល់គូប្រកួតទាំងអស់។ សម្រាប់ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌នេះ ថវិកាមួយចំនួនដែលប្រមូលបានដោយអ្នកជិះកង់ទាំងអស់នឹងត្រូវប្រើប្រាស់ដើម្បីទ្រទ្រង់ការរៀបចំព្រឹត្តិការណ៍នេះ ខណៈដែលនៅសល់នឹងផ្តល់អត្ថប្រយោជន៍ដល់មន្ទីរពេទ្យកុមារអង្គរដែលកំពុងខ្វះខាត។
លោកបានបញ្ជាក់ថា ក្រៅពីការបង្កើនហិរញ្ញវត្ថុ ព្រឹត្តិការណ៍នេះមានគោលបំណងបំផុសចលនាជិះកង់របស់កម្ពុជា និងចូលរួមក្នុងយុទ្ធនាការឆ្នាំទេសចរណ៍អង្គរ តាមរយៈការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាបលើឆាកជាតិ និងអន្តរជាតិ។
លោក នូ ចំរើន បានគូសបញ្ជាក់ទៀតថា សម្រាប់អ្នកចូលរួមជិះកង់ ក្នុងព្រឹត្តិការណ៍ប្រណាំងកង់រៃអង្គាសថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបនេះ នឹងចេញដំណើរនៅវេលាម៉ោង ៤៖០០ព្រឹក នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅចុងរង្វង់មូលជ្រោយចង្វារ តាមផ្លូវជាតិលេខ ៦អា នឹងទៅដល់ខេត្តសៀមរាប។ អ្នកជិះកង់ទាំងអស់ នឹងមានការនាំមុខដោយក្បួនឡានសារ៉ែន បើកផ្លូវរបស់កងរាជអាវុធហត្ថ នឹងឈប់សម្រាប់ចំនួន ១០ដំណាក់កាល ក្នុងនោះមានការផ្ដង់ជាទឹក និងអាហារសម្រន់ជូនដល់អ្នកជិះកង់ផងដែរ ។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌រៃអង្គាសថវិកា ជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបនេះ គឺជាការរៀបចំលើកដំបូងរបស់ សហព័ន្ធកីឡាទោចក្រយាន ហើយសហព័ន្ធ ក៏មានគម្រោងបង្កើតព្រឹត្តិការណ៍ជិះកង់រៃអង្គាសថវិកាសប្បុរសធម៌មួយទៀត ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៤ ដោយយកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផាវិញម្ដង ៕



ប្រភព៖ Cambodia 2023
- Share This Post:






