សម្តេចតេជោ បញ្ជាឱ្យស្រាវជ្រាវរកអ្នកលេង Tik Tok ប្រើភាសាវៀតណាម បញ្ចេញយោបល់មិនសមរម្យ លើវីដេអូរបស់សម្តេច
- May 20, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម ស្រាវជ្រាវសមាសភាព អ្នកលេងបណ្តាញសង្គម តិចតុក ដែលប្រើប្រាស់ភាសាវៀតណាម ចូលមកបញ្ចេញយោបល់ក្នុងលើវីដេអូរបស់សម្តេច។

ការបញ្ជាឱ្យស្រាវជ្រាវខាងលើ បានធ្វើឡើងក្រោយពីអ្នកលេងបណ្តាញសង្គមទាំងនោះ ប្រើពាក្យពេចន៍មិនសមរម្យមកលើសម្តេច។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ នារាត្រីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ បានសរសេរថា «ខ្ញុំពិតជាមានភ្ញាក់ផ្អើលពេលបើកមើលមតិយោបល់ក្នុងតិចតុកដែលខ្ញុំបានបង្ហោះ។ មិនដឹងជនជាតិវៀតណាមចូលជេរខ្ញុំពីពេលណាមកព្រោះមើលតែ ៤វីដេអូ ដែលបានបង្ហោះឃើញរាប់សឹបនាក់ចូលមកជេរ»។
សម្ដេចបានបន្តថា៖ «កាលឆ្នាំ២០១៦ និង២០១៧ មានជាង ២០០០នាក់ចូលមកជេរខ្ញុំតាម Facebook ក្នុងនោះមានម្នាក់ជាលេខាបក្សស្រុកផង។ ក្រោយខ្ញុំប្រាប់អគ្គលេខាបក្ស ងៀង ហ្វូចុង រឿងបែបនេះក៏ស្ងាត់ទៅវិញពេលនោះរឿង សមុទ្រចិនខាងត្បូង។ ពេលនេះពួកគេចូលមកជេរតាម tik tok ម្តងប្រហែលជាក្រោយខ្ញុំនិយាយរឿងព្រែកជីកហ្វូណនតេជោ»។
«ខ្ញុំមិនប្រាកដថាវៀតណាមនេះជាអ្នកណា? វៀតណាមនៅក្នុងប្រទេសវៀតណាម ឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាម ឬអណិកជនវៀតណាម នៅកម្ពុជា ឬបងប្អូនខ្មែរក្រោមដែលមានគណនី តិចតុក និងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរ ខ្មែរផង»។
«ដោយមានការសង្ស័យ និងភាពមិនច្បាស់លាស់បែបនេះ គឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលយើងអាចធ្វើបាន។ ខ្ញុំស្នើឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរខ្ញុំជាអ្នកណា?»។
«ខ្ញុំមិនចោទប្រកាន់ថា ថ្នាក់ដឹកនាំវៀតណាមថាប្រើប្រាស់មនុស្សបែបនេះ ឱ្យចូលមកជេរខ្ញុំទេដូចនេះទើបខ្ញុំស្នើសុំកិច្ចសហការស្រាវជ្រាវ ដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់»៕









ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






