ឃាត់ខ្លួនសង្ឃក្លែងក្លាយ ១១នាក់ និងអ្នកបើកបររថយន្តម្នាក់ ដែលបន្លំខ្លួនជាព្រះសង្ឃនិមន្តបិណ្ឌបាតតាមផ្ទះប្រជាពលរដ្ឋ ក្នុងខណ្ឌពោធិ៍សែនជ័យ
- May 20, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះល្បាតពួនស្ទាក់ ដើម្បីបង្ការបង្ក្រាបបទល្មើស ឆក់ ប្លន់ លួច ក្មេងទំនើង នានា ក្នុងមូលដ្ឋានស្របពេលនោះក៏ប្រទះឃើញលោក សង្ឃក្លែងក្លាយចំនួន ១១នាក់ និងអ្នកបើកបររថយន្ត០១នាក់ ដែលបន្លំខ្លួនជាព្រះសង្ឃនិមន្តបិណ្ឌបាតតាមផ្ទះប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ។

ខណៈនោះលោក អធិការ បានបញ្ជាអោយនាំខ្លួនយកមកសួរនាំព្រមទាំងដកហូតវត្ថុតាំងរួមមាន៖ រថយន្តចំនួន ០១គ្រឿង, បាតសម្រាប់ដាក់បាយចំនួន០៤គ្រឿង, ម្សៅសក្រាមថ្លាសង្ស័យជាសារធាតុញៀនចំនួន១ បំពង់ទុយយោ, ស្បង់ជីវមួយចំនួន និងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕


ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ – វរសេនីយ៍ទោ ម៉ន វុធី
- Share This Post:






