រដ្ឋមន្រ្តីក្រសួងធម្មការ បញ្ជាក់ពីមូលហេតុ ដែលសាសនាសម្បត្តិក្នុងវត្តអារាមមួយចំនួន មិនទាន់ចុះបញ្ជីសម្បត្តិបេតិកភណ្ឌសាសនានៅឡើយ
- May 21, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតី សិក្ខាសាលាស្តីពី នីតិវិធីនិងយន្តការនៃការកំណត់សម្បត្តិបេតិកភណ្ឌក្នុងវត្តអារាម ដោយមានការនិមន្ត និងអញ្ជើញចូលរួមដោយ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជានិង ព្រះមន្រ្តីសង្ឃទាំងពីរគណៈ ឯកឧត្តម លី វណ្ណា អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌នឹងវិចិត្រសិល្បៈ និងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរបស់ក្រសួងធម្មការនិងសាសនា ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួង។

សូមបញ្ជាក់ជូនថា ការរៀបចំសិក្ខាសាលា នេះឡើងក្នុងគោលបំណងដើម្បីធានាឲ្យបាននូវចំណេះដឹងជាមូលដ្ឋានសម្រាប់ព្រះសង្ឃ និងមន្ត្រីបច្ចេកទេសរបស់ក្រសួងធម្មការនិងសាសនាទាំងថ្នាក់កណ្ដាលនិងរាជធានី-ខេត្ត លើនីតិវិធីនិងយន្តការផ្សេងៗក្នុងការកំណត់សម្បត្តិបេតិកភណ្ឌនៅក្នុងវត្តនិងជាការពង្រឹងកិច្ចសហការនិងកិច្ចការថែរក្សានិងការអភិរក្សសំណង់ទ្រព្យសម្បត្តិបេតិកភណ្ឌជាតិក៏ដូចជាបេតិកភណ្ឌសាសនាឲ្យស្របទៅនឹងលិខិតបទដ្ឋាននិងសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល។
ឆ្លៀតនាឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នមានវត្តអារាមជាច្រើនមានសម្បត្តិបេតិកភណ្ឌសាសនា ហើយសាសនាសម្បត្តិខ្លះក៏បានចុះបញ្ជី ខ្លះទៀតមិនទាន់បានចូលបញ្ជីនៅឡើយ ដូចនេះការយឺតយ៉ាវនិងការមិនទាន់ជាប់បញ្ជីទាំងនោះបណ្ដាលមកពីកត្តាមួយចំនួនដូចជា៖
១. ការយល់ដឹងអំពីសំណង់សាសនា វប្បធម៌និងប្រវត្តិសាស្ត្ររបស់គណៈគ្រប់គ្រងវត្តនិងមន្ត្រីបច្ចេកទេសវិស័យធម្មការនិងសាសនានៅមានកម្រិត។
២.ការផ្លាស់ប្ដូរគណៈគ្រប់គ្រងវត្តញឹកញាប់ដែលជាហេតុបង្កឲ្យបាត់បង់នូវនិរន្តរភាពនៃការចុះបញ្ជីហើយក៏មិនអាចក្តាប់បាននូវព័ត៌មានគ្រប់ជ្រុងជ្រោយជាពិសេសសម្បត្តិបេតិកភណ្ឌដែលវត្តមាន។
និង៣. ព្រះគណៈគ្រប់គ្រងវត្តនិងមន្ត្រីបច្ចេកទេសមិនទាន់យល់ដឹងទូលំទូលាយនៅនីតិវិធីនិងយន្តការនៃការចុះបញ្ជីនិងបទដ្ឋានគតិយុត្តិផ្សេងៗ ៕





ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






