ព័ត៌មានជាតិ

ក្រសួងបរិស្ថាន នឹងបង្កើតប្រព័ន្ធអែប(APP) ជាកម្មវិធីទូរស័ព្ទ ដើម្បីឱ្យប្រជាពលរដ្ឋតាមដានដើមឈើដែលខ្លួនបានដាំ

BY
Khmernote Media
May 21, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលស្រឡាញ់ការដាំដើឈើ និងក៏ដូចជា ចូលរួមភាពបៃតងក្នុងប្រទេសនោះ ក្រសួងបរិស្ថានគ្រោងនឹងបង្កើតប្រព័ន្ធអែប (APP) ជាកម្មវិធីទូរស័ព្ទដើម្បីឱ្យពលរដ្ឋតាមដានដើមឈើដែលខ្លួនបានដាំនៅថ្ងៃខាងមុខនេះ។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា «ក្រសួងបរិស្ថាន នឹងធ្វើការអភិវឌ្ឍប្រព័ន្ធអែបទូរស័ព្ទដៃមួយទៀត។ សម្រាប់អែបនេះ គឺកាលណា បងប្អូនយើងដាំដើមឈើគាត់នឹងដាក់ឈ្មោះដើមឈើនោះ។

ក្នុងនេះ បើកាលណាដាក់ឈ្មោះដើមឈើហ្នឹងជាភាសាខ្មែរ ចេញជាភាសាអង់គ្លេស និងបើដាក់ឈ្មោះអង់គ្លេស ចេញជាខ្មែរ។ ដើមឈើហ្នឹងនៅជាប់ក្នុងអែប ឆ្នាំក្រោយឆែក មើលដើមឈើហ្នឹងធំប៉ុនណា ឆ្នាំក្រោយទៀតឆែកមើលឃើញដើមឈើហ្នឹងប៉ុនណាទៀត។ វាធំប៉ុនណាវានឹងនៅក្នុងទូរស័ព្ទហ្នឹងរហូតហើយ។ ពិសេសក្នុងទូរស័ព្ទហ្នឹងអាចជជែកពិភាក្សាថាដើមឈើហ្នឹងត្រូវថែរក្សារបៀបម៉េច ក្នុងនេះដូចជាដើមឈើអ្នកធំលឿនម្ល៉េះ និងដើមឈើអ្នកតូចម្ល៉េះ យើងអាចពិភាក្សាគ្នាក្នុងហ្នឹងបានទាំងអស់»

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បាន ពន្យល់ដែរថា «ពាក្យថាអែបហ្នឹងជាហ្វេសប៊ុក របស់កម្ពុជាយើងដែលដាក់ឱ្យប្រើប្រាស់ដាំដើមឈើនៅកម្ពុជា សម្រាប់ជំរុញការទាក់ទាញ ការចូលចិត្ត ការស្រឡាញ់ពេញចិត្តនៅព្រះរាជាណាចក្រកម្ពុជាយើងតែម្តង»។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងដោយបញ្ជាក់បន្ថែមថា៖ «អែបហ្នឹងខ្ញុំសង្ឃឹមថានៅចុងខែនេះនឹងធ្វើរួចហើយ។ តាមពិតធ្វើរួចហើយ ប៉ុន្តែស្ថិតនៅ ក្នុងការធ្វើតេស្តសាកល្បងនៅឡើយ»

គួរបញ្ជាក់ថា ក្រៅពីការបង្កើតអែបសម្រាប់ពលរដ្ឋដាំដើមឈើនេះក្រសួងបរិស្ថាន ក៏គ្រោងនឹងដាក់ឱ្យដំណើរការនូវប្រព័ន្ធអែប(APP) ជាកម្មវិធីទូរស័ព្ទដែលអាចឱ្យដឹង ពីតំបន់អភិរក្សការពារធនធានធម្មជាតិ ដោយមិនគប្បីកាប់បំផ្លាញឬឈូសឆាយមក ធ្វើជាសកម្មភាពផ្ទាល់ខ្លួននោះជាដាច់ខាត។ ក្រៅពីនេះក្រសួងក៏គ្រោងនឹងទិញដ្រូន សម្រាប់ឱ្យមន្រ្តីឧទ្យានុរក្សប្រើប្រាស់ក្នុងដែនដីរបស់ខ្លួនសម្រាប់មើល ពីស្ថានភាពបទ ល្មើសនានាផងដែរ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

Share This Post: