ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរ ចាត់វិធានការបង្ក្រាបចំពោះក្មេងទំនើង និងអនុវត្ដន៍ឱ្យបានម៉ឺងម៉ាត់បំផុត

BY
Khmernote Media
May 23, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញបញ្ជាឱ្យអភិបាលនៃ គណៈអភិបាលរាជធានី ខេត្ត និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសត្រូវមានវិធានបង្ក្រាបចំពោះក្មេងទំនើង និងអនុវត្ដន៍ឱ្យបានម៉ឺងម៉ាត់បំផុត។

ការចេញបទបញ្ជានេះ ត្រូវបានសម្តេចធិបតីបានមើលឃើញថា មាន​សកម្ម​​ភាព​​ក្មេងទំនើងធ្វើសកម្មភាពកាប់ចាក់គ្នាជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញតាមបណ្តាញ​សង្គម​រហូត​ដល់​ធ្វើឱ្យខូចទ្រព្យសម្បត្តិភាគីម្ខាងទៀតផងដែរ។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥” នាព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤ នៅសណ្ឋាគាសុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាទៅអភិបាល នៃគណៈ​អភិ​បាលរាជធានី ខេត្ត ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរឹតបណ្តឹង និងវិធានការឱ្យម៉ឺងម៉ាត់បំផុតចំពោះ ក្រុម ក្មេ​ង​ទំនើង ពិសេសក្រុមដាវសាំម៉ូរ៉ៃ បានកាប់គ្នា ប៉ុន្មានថ្ងៃនេះ នៅភ្នំពេញ។ ម្សិលម្ងៃបានកាប់ដាច់ដៃ និងទ្រព្យ​សម្បត្តិ ថាភាគីក៏ដោយ តែធ្វើឱ្យមានការភ័យខ្លាចពីសំណាក់ប្រជាពលរដ្ឋ»។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបាន​គូសបញ្ជាក់បន្ថែមថា អាជ្ញាធរត្រូវធ្វើឱ្យម៉ឺងម៉ាត់ចំពោះក្មេងទំនើង ទាំងវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ និងការអនុវត្តច្បាប់ដោយគ្មានការបន្ធូរបន្ថយ និងលើកលែងដើម្បីការពារសន្តិសុនសណ្តាប់សាធារណៈ និង​សន្តិសុខសង្គម ហើយក៏ត្រូវតែអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុតទៅតាមច្បាប់ជាធរមានរបស់យើង។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា ការធ្វើបែបនេះដើម្បីធានាព្រោះថា​សន្តិសុខ​សង្គម ភូមិ សង្កាត់មានសុវត្ថិភាពគឺជាគោលដៅចំពោះរបស់រាជរដ្ឋាភិបាល ក្នុងរឿងគ្រឿងញៀនបានអនុវត្តន៍ជាបន្តបន្ទាប់។ សម្ដេចធិបតីបានលើកឡើងថា រឿងគ្រឿងញៀនវាមិនងាយស្រួលនោះទេ តែយើងត្រូវ​តែធ្វើ​ជា​ប្រចាំជានិច្ច ហើយរឿងបើកឡានបុកគេ ចាប់អនុវត្តន៍ច្បាប់មិនឱ្យរួចខ្លួននោះទេ ពេលនេះបានស្ងាត់ តែវានៅ​រឿង​បងធំ បងតូច ជាពិសេសនោះក្រុមដាវសាំម៉ូរ៉ៃ។ សម្តេចធិបតីបានអះអាងថា សម្តេចបានកំពុងតែឱ្យ​ក្រសួង​​យុត្តិធម៌ពិនិត្យចំពោះការដាក់ដាវសាំម៉ូរ៉ៃតាមខ្លួនហ្នឹង ព្រោះថាបើប្រជាពលរដ្ឋគាត់ដាក់កាំបិតគាត់ទៅ​ធ្វើការងារ នៅចម្ការ តែនៅភ្នំពេញដាក់ដាវសាំម៉ូរ៉ៃតាមខ្លួនទៅធ្វើអ្វី ហើយទៅរៀនដាក់ដាវការពារខ្លួនឬ?

សម្ដេចធិបតីបានបន្ដថា បញ្ហានេះ យល់ល្អកុំឱ្យមានទាំងអស់គ្នាប្រសើរជាង បើឱ្យមាននោះតិចទៀតកាប់គ្នា​ជិត​ពេក អាចប្រើដល់ធ្នូ វាបាញ់បានឆ្ងាយ«…»។ សម្ដេចធិបតីបានរម្លឹកថា កាលពីមុនសម្ដេចឃើញមានម្នាក់​កំពុងជិះម៉ូតូមក ហើយកាប់គ្នាពីក្រោយដោយមិនដឹងខ្លួន។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យស្ថាប័ន​អយ្យការត្រូវមានវិធានការលើការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការចាត់ការមើលក្នុងសំណុំរឿងក្មេងទំនើងនេះប្រកប​ដោយ​ការយកចិត្តទុកដាក់ខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តច្បាប់របស់យើង។

ជាមួយគ្នានោះដែរសម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា សម្តេចមិនបានដាក់បញ្ជាទៅ​ស្ថាប័នតុលា​ការ​នោះទេ តែសូមឱ្យស្ថាប័នតុលាការត្រូវអនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់លើកកិច្ចការនេះ ។ សម្ដេចធិបតីបាន​អះអាងផងដែរថា ពិតណាស់ច្បាស់ជាមានក្មេងៗក្រោមអាយុ១៤ឆ្នាំ ឬ១៨ឆ្នាំ ត្រូវអនុវត្តទោសទណ្ឌបែបណា តែត្រូវសិក្សាឱ្យបានច្បាស់ថាត្រូវធ្វើការពង្រឹងបែបណាដើម្បី ឱ្យខ្លាច។ ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី​ក៏បានអំពាវនាវដល់ឪពុក ម្តាយក៏ដូចជាអាណាព្យាបាល ខិតខំអប់រំទូន្មានប្រដៅកូនព្រោះថាកិច្ចការងារនេះ​ត្រូវអប់រំទាំងនៅសាលារៀន និងនៅផ្ទះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: