ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន បូណា៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយ ដែលផ្តល់ផលប្រយោជន៍យូរអង្វែងដល់កូនខ្មែរគ្រប់ជំនាន់

BY
Khmernote Media
May 24, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍នៅក្នុងវេទិកាសារព័ត៌មានលើកទី៣ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ដែលនឹងផ្តល់ផលប្រយោជន៍យូរអង្វែងដល់កូនខ្មែរគ្រប់ជំនាន់ និងធានាបាននូវឯករាជ្យភាពនយោបាយដឹកជញ្ជូនរបស់កម្ពុជាដោយមិនចាប់បាច់ពឹងលើប្រទេសដទៃ។

ឯកឧត្តម ប៉ែន បូណា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំចង់រំលេចសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៅក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន​ សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនោះគឺជាគម្រោង ព្រែកជីកហ្វូណនតេជោ។

ព្រែកជីកហ្វូណនតេជោ កំពុងឈានដល់ការបើកការដ្ឋានក្នុងពេលឆាប់ៗនេះ បានផ្ដួចផ្ដើមឡើង គឺនៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ហើយពេលនេះ សម្តេចធិបតី ក៏កំពុងដឹកនាំជីកព្រែកហ្វូណនតេជោ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រមួយ របស់កម្ពុជា ដែលផ្ដល់ផលប្រយោជន៍យូរអង្វែង សម្រាប់កូនខ្មែរតជំនាន់ទៅមុខទៀត ក្រោមសន្ទុះគាំទ្រយ៉ាងខ្លាំងខ្លាពីសំណាក់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដែលបង្កើតបានជាចលនាមហាសាមគ្គីជាតិខ្មែរ ធំធេង មិនធ្លាប់មានពីមុនមក។ »

ឯកឧត្តម ប៉ែន បូណា បានមានប្រសាសន៍បន្តទៀតថា៖ «ព្រែកជីកហ្វូណនតេជោ ដែលនឹងលេចរូបរាងនៅពេលខាងមុខនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់ប្រទេសកម្ពុជា និងកូនខ្មែរជាយូរអង្វែងទៅថ្ងៃអនាគត។ ព្រែកជីកហ្វូណនតេជោ គឺមានសារៈសំខាន់ ដូចដែលបងប្អូនធ្លាប់បានដឹងហើយ ដោយថ្នាក់ដឹកនាំបានពន្យល់អស់ហើយ គឺសម្រាប់បំប៉នក្បាលម៉ាស៊ីន សេដ្ឋកិច្ចកម្ពុជា ហើយលើសពីនេះ គឺវាមានន័យ​ធានាបាននូវឯករាជ្យភាពនយោបាយដឹកជញ្ជូនរបស់កម្ពុជាដោយមិនចាប់បាច់ពឹងលើប្រទេសដទៃ។ សមិទ្ធផលនេះ គឺខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋខ្មែរយើង គាំទ្រ ហើយនូវតែបន្តគាំទ្រ ដើម្បីឱ្យចេញជារូបរាងសម្រាប់ប្រទេសជាតិយើង នៅថ្ងៃអនាគត» ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: