ព័ត៌មានជាតិ

កីឡាករ ចាន់ រតនា រំពឹងព្រឹត្តិការណ៍កីឡាគុនចម្រុះអាស៊ី នឹងធ្វើឱ្យមហាជននៅកម្ពុជាកាន់តែចាប់អារម្មណ៍ MMA

BY
Khmernote Media
May 24, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា កីឡាករ ចាន់ រតនា មើលឃើញថា ការប្រកួតកីឡាគុនចម្រុះ ឬ MMA ហាក់ទទួលបានការគាំទ្រពីស្រទាប់អ្នកទស្សនាកម្ពុជាច្រើនជាងមុន ដូច្នេះព្រឹត្តិការណ៍គុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៤ អាចនឹងស្រូបទាញបានការគាំទ្រកាន់តែច្រើនថែមទៀត។

អ្នកប្រយុទ្ធកម្ពុជាដែលមានឈ្មោះបោះសម្លេងនៅស្ថាប័ន ONE លើកឡើងបែបនេះខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍គុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

ទាក់ទងទៅនឹងការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ដ៏ធំនេះដែរ ចាន់ រតនា អះអាងថា ទោះខកខានចូលរួមការប្រកួតគុនចម្រុះនានា ជាពិសេសស្ថាប័ន ONE Championship តាំងពីខែមីនា ឆ្នាំ២០២២ មក ក៏មិនចោទជាបញ្ហាសម្រាប់រូបគេទេ។ គេបានបន្តការហ្វឹកហាត់ជាប្រចាំដើម្បីរក្សាគុណផល និងកាយសម្បទា ទោះមិនមានការប្រកួតជាប់លាប់ក៏ដោយ។ អ្នកប្រយុទ្ធវ័យ៣៨ឆ្នាំមកពីក្លឹបសិល្បៈក៏បានបង្ហាញអារម្មណ៍រំភើបដែលមានឈ្មោះចូលរួមព្រឹត្តិការណ៍គុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៤ លើទឹកដីខ្លួនឯង និងប្ដេជ្ញាយកជ័យជម្នះឱ្យបាន៕

ប្រភព៖ Cambodia 2023

Share This Post: