ព័ត៌មានជាតិ

តំបន់រ៉ាមសារបឹងទន្លេឆ្មា នៅតែបន្ដដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជាទីជម្រក និងទីតាំងរកចំណីសម្រាប់សត្វស្លាបទឹកជាច្រើនប្រភេទ

BY
Khmernote Media
May 25, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា តំបន់រ៉ាមសារបឹងទន្លេឆ្មា នៅតែបន្ដដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជាទីជម្រក និងទីតាំងរកចំណីសម្រាប់សត្វស្លាបទឹកជាច្រើនប្រភេទ។ ថ្មីៗនេះ ក្រុមមន្រ្ដីឧទ្យានុរក្សបានប្រទះឃើញ និងកត់ត្រានូវវត្ដមានហ្វូងសត្វត្រដក់ធំ និងសត្វស្លាបទឹកជាច្រើនក្បាលកំពុងរកចំណីក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មា ដែលមួយចំនួនធំ ជាប្រភេទកំពុងរងគ្រោះជាសកល។

ជាការកត់សម្គាល់គឺហ្វូងសត្វត្រដក់ធំមានជាច្រើនក្រុម ហើយមានចំនួនយ៉ាងតិច ២០ក្បាល។ បើតាមការឱ្យដឹងពីអង្គការ NatureLife នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ។

អង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife បានគាំទ្រដល់ឧទ្យានុរក្សតំបន់រ៉ាមសារនេះ ធ្វើការល្បាតតាមដានជីវចម្រុះ ចាប់តាំងពីឆ្នាំ២០២០មក ចំនួនត្រដក់ធំ ដែលធ្លាប់កត់ត្រា បានកន្លងមកច្រើនបំផុតមានប្រមាណជា១០ក្បាលប៉ុណ្ណោះ។ ក្នុងឆ្នាំនេះប្រឈមនឹងការ ប្រែប្រួលអាកាសធាតុ ក្រុមការងារយើងសង្កេតឃើញកំណើនវត្ដមានហ្វូងសត្វ ចូលមករក ចំណីក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មា នេះសរបញ្ជាក់ពីសក្ដានុពលនៃតំបន់ដីសើមមួយនេះ ក្នុងការដើរតួនាទីយ៉ាងសំខាន់សម្រាប់ផ្ដល់ជាទីជម្រក និងទីតាំងរកចំណី។

សូមចូលរួមការពារតំបន់ដីសើមនេះ និងបឹងទន្លេសាបយើងទាំងអស់គ្នា។ អង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLifeCambodia អរគុណដល់ EU- ទន្លេសាបយើង Our Tonle Sap សម្រាប់ថវិកាគាំទ្រលើសកម្មភាពនេះ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: