មោទកភាព! កម្ពុជាឈរលេខរៀងទី១ ក្នុងចំណោម៧២ប្រទេស ជាកន្លែងមើលថ្ងៃរះស្អាតបំផុត
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមការប្រមូលទិន្នន័យនៃការស្វែងរកទីតាំងថ្ងៃរះស្អាតបំផុតជុំវិញពិភពលោករបស់ Mornings.co.uk កាលពីពេលថ្មីៗនេះបានបង្ហាញថា ប្រទេសកម្ពុជាឈរនៅលំដាប់លេខរៀងទី១ ជាកន្លែងមើលថ្ងៃរះស្អាតបំផុតក្នុងចំណោម ៧២ ប្រទេសនៅលើពិភពលោក។

ប្រភពដដែលបានបន្តថា តាមការស្រាវជ្រាវបានបង្ហាញទៀតថា ក្នុងចំណោម ៧២ប្រទេស កម្ពុជាបានឈរនៅលំដាប់លេខរៀងទី១ ដែលមានប្រាសាទអង្គរវត្ត ក្នុងទឹកដីនៃខេត្តសៀមរាប សម្រាប់ទស្សនាព្រះអាទិត្យរះល្អបំផុតនៅលើពិភពលោក។ បន្ទាប់មកប្រាសាទ Borobudur ប្រទេសឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់ទី៤ ហើយប្រាសាទ Bagan ប្រទេសមីយ៉ាន់ម៉ាជាប់ចំណាត់ថ្នាក់ទី ៧។ខណៈ ឧទ្យានជាតិ Murchison Falls ក្នុងប្រទេសអ៊ូហ្គាន់ដា ឈរនៅលំដាប់លេខរៀងទី៧២។
គួររំលឹកថា កាលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅប្រាសាទអង្គរវត្តមានភ្ញៀវចូលមកទស្សនាព្រះអាទិត្យរះឡើងចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី ចំនួន ១០ ១៥៤ នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ២ ៥៧៥នាក់ និងភ្ញៀវខ្មែរចំនួន ៧ ៥៧៩នាក់ ៕








ប្រភព៖ ក្រសួងព័ត៌មាន