សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់បណ្តាញផ្សព្វផ្សាយក្នុងស្រុកឱ្យមានក្រុមផលិត ផ្សព្វផ្សាយសកម្មភាពរបស់សមាគមសិល្បករខ្មែរ
- May 28, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បណ្តាញផ្សព្វផ្សាយក្នុងស្រុក ឱ្យមានក្រុមផលិត ផ្សព្វផ្សាយសកម្មភាពរបស់សមាគម រួមទាំង តាមវេបសាយ Youtube TikTok។ សម្ដេចមានប្រសាសន៍បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅវិមាន៧មករា។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានគោរពថ្លែងអំណរគុណ សម្តេចតេជោ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួប សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ ដែលជាសារវិជ្ជមានមួយសម្រាប់សមាគម។ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានធ្វើរបាយការណ៍ជូនសម្តេចតេជោ អំពីសាវតាសង្ខេបរបស់សមាគម ដោយបានរម្លឹកពីការគាំទ្រ និងជំនួយរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដល់សមាគម និងអំពីសកម្មភាពការងារសំខាន់ៗ ក្រោយការបោះឆ្នោតជ្រើសរើសប្រធានសមាគម អាណត្តិទី៦ ដូចជាការរៀបចំក្រុមប្រឹក្សាភិបាល និង គណៈកម្មការប្រតិបត្តិសមាគម និង ការរត្រៀមរៀបចំពិធីជួបជុំមហាគ្រួសារសិល្បករខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅពេលខាងមុខ ព្រមទាំង ការរៀបចំមូលដ្ឋានរដ្ឋបាល កែសម្រួលលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និង ការរៀបចំផែនការជាទស្សនវិស័យ និង ចក្ខុវិស័យនៃសមាគម ដើម្បីឧត្តមភាពនៃ សិល្បៈខ្មែរ ទាំងនៅលើឆាកជាតិ និង ឆាកអន្តរជាតិ។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ ព្រមទាំង ស្វាគមន៍សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ដែលបានជួយជ្រោមជ្រែងរៀបចំរចនាសម្ព័ន្ធសមាគម។ សម្តេចតេជោបានគូសបញ្ជាក់ថា ការកកើតឱ្យមានសមាគម គឺជារឿងល្អហើយ ក៏ប៉ុន្តែការធានានិរន្តរភាព ជាការលំបាក។ សម្តេចតេជោជឿជាក់ថា នៅក្នុងអាណត្តិថ្មីនេះ សមាគមអាចចៀសផុតពីការលំបាកដែលកើតមានកន្លងមក តាមរយៈ ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឡើងវិញ និងការពង្រឹងសីលធម៌របស់សិល្បករ សិល្បការិនី។ សម្តេចតេជោ ក៏បានមានប្រសាសន៍ រម្លឹកអំពីដំណាក់កាលរស់ឡើងវិញនៃសិល្បៈ ចាប់ពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩ និង ដំណាក់កាលប្រមូលទុន ធនធានមនុស្ស ដែលបានខិតខំជាបន្តបន្ទាប់ជាពិសេស ក្រោយពេលកម្ពុជាបានសន្តិភាពពេញលេញដោយសារនយោបាយឈ្នះ-ឈ្នះ។
ចាប់ពីឆ្នាំ១៩៩៨មកប្រទេសយើងវិវត្តដល់ដំណាក់កាលថ្មី គឺដំណាក់កាលអភិរក្ស និងអភិវឌ្ឍ។សម្តេចបានលើកឡើងថា “យើងអភិរក្សរបស់មានស្រាប់ និង ខិតខំច្នៃប្រឌិតថ្មី។ សម័យយើងនេះ ការការពារកម្មសិទ្ធិបញ្ញា មិនងាយស្រួលទេ ដោយសារការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យា។ បញ្ហាប្រឈមធំ នៅពេលខាងមុខ គឺ បញ្ញាសិប្បនិម្មិត (AI) ដែលជំនួសការងារមនុស្សកាន់តែច្រើនឡើង។” សម្តេចតេជោប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ទៀតថា ខ្មែរយើងរក្សាអត្តសញ្ញាណរបស់យើងបាន ដោយសារ កាលពីសម័យបារាំង ទីអារាម និង ព្រះបរមរាជវាំង គឺជាទីដែលរក្សាកេរដំណែលវប្បធម៌មរតកជាតិ ហើយ ទោះខ្មែរក្រហមបានបំផ្លាញយ៉ាងណាក្តី ក៏យើងបានគាស់យកមកវិញ នូវវប្បធម៌ និង សិល្បៈ ដូចជា ពិធីអាពាហ៍ពិពាហ៍ …។ ការការពារសិល្បៈ និង វប្បធម៌ គឺជាកាតព្វកិច្ចរបស់យើង។
សម្តេចតេជោបានលើកឡើងថា ចាប់ផ្តើម អាណត្តិថ្មី សិល្បករជាច្រើន បានមើលឃើញថា សមាគមមានភាពរឹងមាំ សាមគ្គីភាព និងមានរចនាសម្ព័ន្ធដឹកនាំ និង មានលទ្ធភាពអាចជួយគេ។ នៅក្នុងចំណុចនេះ មិនគួរគិតថា សមាគមសិល្បករខ្មែរ ជាសមាគមសប្បុរសធម៌ទេ។សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ឱ្យរកវិធីសាស្ត្រជួយពង្រឹងតួនាទីរបស់សិល្បករសម្រាប់រយៈពេលវែង ដូចជា ជួយដល់ការបណ្តុះបណ្តាលកូនសិល្បករ ហើយនៅពេលរៀនចប់ ជួយពួកគេក្នុងការរកការងារធ្វើ។ សម្តេចតេជោបន្ថែមថា៖ “យើងចង់បណ្តុះបណ្តាល កុំឱ្យសិល្បករខ្វះអ្នកបន្តវេន ឬ អ្នកទ្រទ្រង់ជំនាន់ក្រោយ។សមាគម គួររៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ លើជំនាញនីមួយៗ រួមទាំងប្រធានបទក្រមសីលធម៌វិជ្ជាជីវៈ”។
សម្តេចតេជោ បានណែនាំឱ្យ ពិនិត្យលក្ខខណ្ឌឡើងវិញ ដើម្បីរក្សានូវតម្លៃសិល្បករ សិល្បការិនីរបស់យើង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវពិនិត្យកំណត់លក្ខខណ្ឌវិនិច្ឆ័យ ហើយ សមាគមយកទៅអនុវត្តន៍។ ចំពោះសកម្មភាពសង្គម សេដ្ឋកិច្ច ឆ្លុះបញ្ចាំងតាមសកម្មភាពវប្បធម៌។ ក្រសួងវប្បធម៌ ត្រូវជំរុញឱ្យមានការកសាងក្របខណ្ឌ បែបបទគតិយុត្តសមាគម ឱ្យបានគ្រប់គ្រាន់ ដូចសុភាសិតមួយចែង ថា “បើឈរមិនទាន់រឹង កុំរត់”។
ទន្ទឹមនេះ ក្រសួងវប្បធម៌ ត្រូវគិតការកត់ត្រាទុក មូដសម្លៀកបំពាក់ខ្មែរ តាមជំនាន់នីមួយៗ។ ការកែច្នៃថ្មី ត្រូវអនុញ្ញាតដល់កម្រិតណាមួយនិង ត្រូវចុះបញ្ជីទាំងអស់។ ការចុះបញ្ជី គឺ កុំឱ្យកូនចៅជំនាន់ក្រោយ ច្រឡំ។ សម្តេចតេជោបានឱ្យដឹងទៀតថា នេះហើយជា ការអភិរក្ស ដើម្បី អភិវឌ្ឍ និង ការអភិវឌ្ឍ ដើម្បីអភិរក្ស។ សម្តេចតេជោ បានអំពាវនាវដល់បណ្តាញផ្សព្វផ្សាយក្នុងស្រុក ឱ្យមានក្រុមផលិត ផ្សព្វផ្សាយសកម្មភាពរបស់សមាគម រួមទាំង តាមវែបសាយ Youtube TikTok …។ល។
ជាមួយគ្នានេះដែរ សម្តេចតេជោ បានសម្រេចជួយឧបត្ថម្ភទ្រទ្រង់ សមាគមសិល្បករខ្មែរ ចំនួន១០ម៉ឺនដុល្លារអាម៉េរិកក្នុង១ឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤នេះតទៅ៕



ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- Share This Post:






