ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមក្មេងទំនើង ៧នាក់«២ក្រុម» បន្ទាប់ពីជិះម៉ូតូដេញវាយគ្នា នៅម្តុំផ្សារអង្គតាសោម ស្រុកត្រាំកក់ ខណៈបក្ខពួកសេសសល់សមត្ថកិច្ចកំពុងតាមចាប់
- May 30, 2024
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា នៅថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧ និង៣០នាទី ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោក វរសេនីយ៍ឯក ឌុក ធីយ៉ា អធិការ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំកម្លាំងជំនាញ ស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួន បានជនសង្ស័យចំនួន ០១នាក់ ក្នុងចំណោម០៧នាក់(២ក្រុម) ពាក់ព័ន្ធករណីក្មេងទំនើងជិះម៉ូតូដេញវាយគ្នាបង្កភាពអសន្តិសុខតាមផ្លូវសាធារណៈ នៅផ្លូវជាតិលេខ៣ ម្តុំផ្សារអង្គតាសោម ស្រុកត្រាំកក់ កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

ក្នុងនោះជនសង្ស័យមានឈ្មោះ ជា ថាវិន ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ជាសិស្សរៀនថ្នាក់ទី11A នៃវិទ្យាល័យតេជោហ៊ុនសែនអង្គសោម ចំណែកបក្ខពួកទាំងពីរក្រុមនេះ សមត្ថកិច្ចយើង បានក្តាប់មុខសញ្ញា អស់ហើយ និងកំពុងកសាងសំណុំរឿងតាមនីតិវិធី។
សូមជម្រាបជូនថា បន្ទាប់ពីទទួលបានដំណឹង អំពីករណីក្មេងទំនើងជិះម៉ូតូដេញ វាយគ្នាតាមដងផ្លូវ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៤៥នាទី នៅផ្លូវជាតិលេខ៣ ម្តុំផ្សារអង្គតាសោម ស្រុកត្រាំកក់។ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងជំនាញស្នងការដ្ឋាន ចុះសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ធ្វើការស្រាវជ្រាវ និងកំពុងតាមមុខសញ្ញាធ្វើសកម្មភាពខាងលើ យ៉ាងម៉ត់ចត់ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។
ក្នុងករណីនេះផងដែរ ស្នងការដ្ឋាននគរបាលខេត្តតាកែវ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលនៅតាមដងផ្លូវ បើសិនស្គាល់ ឬឃើញភិនភាគមុខសញ្ញាខាងលើសូមរាយការណ៍មកសមត្ថកិច្ច ដើម្បីចុះបង្ក្រាបនិងឃាត់ខ្លួនជាបន្ទាន់។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាដល់អភិបាលខេត្តតាកែវ ត្រូវរកឱ្យឃើញក្រុមក្មេងទំនើង ដេញកាប់គ្នាអនាធិបតេយ្យ នៅម្ដុំផ្សារអង្គតាសោម ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដោយសម្ដេចធិបតី មានប្រសាសន៍ថា «ម្សិលមិញស៊ែរ ចៅហ្វាយតាកែវ រកឱ្យឃើញក្រុមកាប់ដាវ នៅស្រុកត្រាំកក់ ឥឡូវរកបាន ២ ឬ ៣នាក់ហើយ តាមរកឱ្យឃើញ។ នៅកន្លែងខ្លះ ដាវសាំរ៉ៃ មិនគួរលក់ មិនដឹងលក់ធ្វើអី។ ប៉ុន្ដែរឿងអាវុធ ជារឿងមួយ អាវុធមិនសម្លាប់មនុស្សទេ អាវុធមិនធ្វើខុសទេ មនុស្សនេះឯង» ៕




ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ – Police Commissariat Of Takeo Province.
- Share This Post:






