ព័ត៌មានជាតិ

រដូវប្រមូលផ្សិតប៉ក់ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ប្រជាសហគមន៍មកពីភូមិ អាចរកចំណូលបានពី ៣ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល ក្នុងមួយថ្ងៃ

BY
Khmernote Media
May 30, 2024

ខេត្តព្រះវិហារ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា ក្រោយពីភ្លៀងធ្លាក់រយៈពេលពីរសប្តាហ៍មក ផ្សិតប៉ក់បានចាប់ផ្តើមដុះរាយប៉ាយក្នុងព្រៃធម្មជាតិ នៅតាមកន្លែងជាច្រើនក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៩ ខែឧសភាកន្លងទៅនេះ មានប្រជាសហគមន៍មកពីភូមិជាច្រើនដែលស្ថិតនៅក្នុង និងក្បែររមណីយដ្ឋាន បាននាំគ្នាចូលមកប្រមូលផ្សិតប៉ក់ដើម្បីលក់ និងយកធ្វើម្ហូបបានច្រើនមុខដូចជា ឆា ខ និងស្ងោរផងដែរ។

ក្នុងរដូវកាលផ្សិតប៉ក់នេះ ម្នាក់ៗអាចប្រមូលបានចន្លោះពី ១-១០គីឡូក្រាម ក្នុងមួយថ្ងៃ និងអាចរកចំណូលបានពី៣០០០០រៀល ទៅ៣០០០០០រៀល។ ផ្សិតប៉ក់អាចប្រមូលបានប្រហែល២តោនជាង ក្នុងមួយរដូវប្រមូល ហើយតម្លៃរបស់វាលក់ចេញទៅឲ្យឈ្មួញដែលចាំទិញនៅក្នុងរមណីយដ្ឋាន ប្រែប្រួលពី៥០០០០រៀល ចុះមកត្រឹម ១០០០០រៀល ក្នុងមួយគីឡូក្រាម។

ផ្សិតប៉ក់ស្ថិតក្នុងប្រភេទអនុផលព្រៃឈើសំខាន់ៗក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែលបានចូលរួមចំណែកដល់ជីវភាពសហគមន៍ដែលរស់នៅក្នុងតំបន់រមណីយដ្ឋាន។

ដូចនេះការថែរក្សាព្រៃឈើក្នុងរមណីយដ្ឋានប្រាសាទកោះកេរបានគង់វង្ស មិនគ្រាន់តែរក្សាបាននូវទេសភាពវប្បធម៌ប៉ុណ្ណោះទេ តែថែមទាំង រួមចំណែកដល់ការលើកកម្ពស់ជីវភាពសហគមន៍ផងដែរ ៕

ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ National Authority for Preah Vihear

Share This Post: