រំភើបណាស់! ប្រទះឃើញកូនផ្សោតក្បាលត្រឡោកថ្មីមួយ នៅព្រែកត្នោត ខេត្តកំពត
- May 31, 2024
ខេត្តកំពត៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អង្គការអភិរក្សសមុទ្រកម្ពុជា ហៅកាត់ថា MCC បានឱ្យដឹងថា កូនសត្វផ្សោតថ្មីមួយត្រូវបានគេប្រទះឃើញនៅព្រែកត្នោត ខេត្តកំពត ដែលជាកន្លែងក្រុមការងារចុះធ្វើការសិក្សាពីសត្វផ្សោតជាប្រចាំ។ នេះជាការដែលមិននឹកស្មានដល់ ព្រោះកូនផ្សោតនេះ ជាប្រភេទផ្សោតក្បាលត្រឡោក រីឯផ្សោតធំគឺជាពូជសត្វផ្សោតឈ្លៀច។

អង្គការអភិរក្សសមុទ្រកម្ពុជា បានបន្តថា នេះពិតជារឿងមិនធម្មតាទេ ព្រោះត្បិតតែប្រភេទសត្វទាំងពីរនេះចែករំលែកលក្ខណៈគ្នាខ្លះ ហើយជួនកាលអាចត្រូវបានឃើញនៅក្នុងក្រុមចម្រុះគ្នាក៏ដោយ ទំនាក់ទំនងពួកគេភាគច្រើន ដែលក្រុមការងារបានឃើញក្នុងអំឡុងពេលចុះសិក្សា គឺដោយសារតែប្រភពចំណីនៅក្នុងតំបន់តែមួយ មិនមែនដោយសារពួកគេស្វែងរកគ្នាទៅវិញទៅមកយ៉ាងសកម្មនោះទេ។
នៅពេលដែលរូបភាពនេះត្រូវបានថត សត្វផ្សោតក្បាលត្រឡោកធំ (សន្មត់ថាជាម្តាយ) ក៏នៅជាមួយក្រុមនេះផងដែរ។
កូនផ្សោតនេះមានលក្ខណៈរូបរាងទាំងអស់របស់កូនសត្វផ្សោតក្បាលត្រឡោក ដូច្នេះទោះបីជាការបង្កាត់ត្រូវបានចងក្រងជាឯកសារកាលពីអតីតកាល (វាពិតជាកម្រណាស់) យើងមិនគិតថានេះជារឿងហ្នឹងទេ។ យើងកំពុងបន្តតាមដាន ដើម្បីព្យាយាមរកឱ្យឃើញនូវអ្វីដែលកំពុងកើតឡើង ប៉ុន្តែវាអាចមានករណីចំនួនពីរនេះ៖
ទី១.ការចិញ្ចឹមកូនជំនួស (alloparenting)៖ ពេលដែលការមើលថែរក្សាត្រូវបានផ្ដល់ដោយអ្នកដែលមិនមែនជាឪពុកម្តាយ។ នេះអាចកើតឡើងនៅក្នុងប្រភេទពូជតែមួយ ឬពូជខុសគ្នា ហើយរឿងនេះត្រូវបានកត់ត្រាពីមុននៅក្នុងប្រភេទសត្វទាំងនេះ ទោះបីជាវាកម្រក៏ដោយ។
ទី២. អាកប្បកិរិយាបែបហិង្សាទាក់ទងនឹងការបន្ដពូជ៖ ចំណុចនេះត្រូវបានចងក្រងជាឯកសារជាច្រើនដងរវាងប្រភេទសត្វទាំងនេះ ដែលជារឿយៗពាក់ព័ន្ធនឹងក្រុមសត្វផ្សោតឈ្លៀចឈ្មោលព្យាយាមបំបែកម្តាយ និងកូនចេញពីគ្នា។
រហូតមកដល់ពេលនេះ យើងមិនទាន់ច្បាស់ថាករណីមួយណាជាការពិតនោះទេ ប៉ុន្តែយើងកំពុងបន្តតាមដាន ហើយកូនផ្សោតនេះត្រូវបានគេឃើញជាច្រើនដង ដោយសនិដ្ឋានថា វាត្រូវបានម្ដាយជាអ្នកបំបៅ។ យើងអាចកំណត់អត្តសញ្ញាណសត្វផ្សោតដែលជាប់ពាក់ព័ន្ធតាមរយៈលេខសម្គាល់រូបថត ទោះបីជាយើងមិនអាចកំណត់ភេទក្រៅពីការប្រាស្រ័យទាក់ទងរបស់ពួកគេ។ (ឧទាហរណ៍៖ សត្វផ្សោតដែលតែងតែមានកូននៅជាមួយ យើងសន្មត់ថាជាញី និងជាម្តាយ) ហើយយើងនឹងតាមដានសត្វផ្សោតទាំងនេះម្ដងទៀត ៕

- Share This Post:






