រយៈពេល១ខែ! ស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះដល់វិទ្យាល័យចំនួន៧ ដើម្បីបំពេញបែបបទ និងធ្វើអត្តសញ្ញាណប័ណ្ណជូនសិស្សគ្រប់អាយុ
- May 31, 2024
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពត ក្នុងការពន្លឿន និងផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សនៅតាមវិទ្យាល័យនានាក្នុងខេត្តដែលគ្រប់អាយុត្រូវធ្វើអត្តសញ្ញាណប័ណ្ណ ក្នុងរយៈពេល១ខែកន្លងទៅនេះ មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានប្រើប្រាស់រថយន្តធ្វើអត្តសញ្ញាណបណ្ណចល័ត ចុះដល់វិទ្យាល័យចំនួន៧ ដើម្បីបំពេញបែបបទ និងធ្វើអត្តសញ្ញាណបណ្ណជូនសិស្សគ្រប់អាយុបានប្រមាណជិត ៩០០នាក់។

លោកវរសេនីយ៍ឯក យី គា នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ថា ដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ទៅ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីជំនាញការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះចល័តបំពេញបែបបទជូនសិស្សានុសិស្សបានចំនួន០៧វិទ្យាល័យ ក្នុងនោះរួមមាន៖
១.វិទ្យាល័យចំនេះទូទៅបច្ចេកទេសនិងព្រះរាជសម្ភារ
២.វិទ្យាល័យវឌ្ឍនវិជ្ជា
៣.វិទ្យាល័យមិត្តភាព កម្ពុជា ជប៉ុន កំពតក្រុង
៤.វិទ្យាល័យចំនេះទូទៅឯកជនឧត្តមវិជ្ជា់
៥.វិទ្យាល័យហ៊ុនសែនត្រសេកកោង
៦.វិទ្យាល័យនរោត្តមរណឫទ្ធិ
៧.វិទ្យាល័យហ៊ុនសែនបឹងព្រះ។
លោកនាយការិយាល័យបានបន្តថា ក្នុងការចុះបំពេញបែបបទជូនសិស្សានុសិស្សដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណទាំង៧វិទ្យាល័យនេះ មន្ត្រីជំនាញបានបំពេញបែបបទសរុបបានចំនួន ៨៥៣នាក់ ក្នុងនោះស្រី ៤៨៨នាក់។
សូមបញ្ជាក់ផងដែរថា កន្លងមកលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តបានបញ្ជាក់ថា រថយន្តធ្វើអត្តសញ្ញាណប័ណ្ណចល័តរបស់ស្នងការដ្ឋានដែលចុះទៅតាមវិទ្យាល័យនានាក្នុងខេត្តកំពត គឺមិនសំដៅចំពោះការបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសម្រាប់តែសិស្សានុសិស្សនោះទេ ប្រជាពលរដ្ឋដែលបានបាត់អត្តសញ្ញាណប័ណ្ណ ខូច ឬហួសសុពលភាពក៏អាចបំពេញបែបបទក្នុងការធ្វើអត្តសញ្ញាណប័ណ្ណឡើងវិញបានដែរ។
ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើការកែប្រែទិន្នន័យឱ្យខុសពីអត្តសញ្ញាណប័ណ្ណចាស់ ដែលការកែប្រែនេះគឺអាចនឹងធ្វើឱ្យការចេញអត្តសញ្ញាណប័ណ្ណជូនបងប្អូនមានការយឺតយ៉ាវ៕














ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត
- Share This Post:






