គ្រាន់តែរយៈពេល៧ថ្ងៃក្រោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជា បាតុភាពក្មេងទំនើង បានថមថយគួរឱ្យកត់សម្គាល់
- June 1, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ក្រុមការងារផ្សព្វផ្សាយតាមបណ្តាញក្រសួងព័ត៌មានថា ក្រោយពេលសម្ដេចធិបតី ចេញបញ្ជា បានរយៈពេល៧ថ្ងៃ អាជ្ញាធរគ្រប់មូលដ្ឋាន បានឈានទៅគ្រប់គ្រងបានសណ្តាប់ធ្នាប់សង្គម ពោលគឺសកម្មភាពអុកឡុករបស់ក្មេងទំនើងបានឈានទៅស្ងប់ស្ងាត់។

អ្នកនាំពាក្យខាងលើ បានបន្ថែមថា លទ្ធផលនេះ គឺបន្ទាប់ពី កម្លាំងនគបាលជាតិ ចាប់ពីកម្រិតអគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ទូទាំងប្រទេស បានចេញបង្ក្រាបក្រុមក្មេងទំនើងបានចំនួន៦៥ករណី ឃាត់ខ្លួនយុវជនសរុបចំនួន២២៣នាក់។
លោកបានបន្ថែមថា សម្រាប់រាជធានីភ្នំពេញ ក្នុងកិច្ចប្រតិបត្តការរយៈពេល៧ថ្ងៃមកនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យស្នងការដ្ឋានរាជធានីភ្នំពេញ ធ្វើតេស្តទឹកមូត្រលើក្រុមក្មេងទំនើងដែលឃាត់ខ្លួនទុក បានរកឃើញថាជាង៥០ភាគរយ មានសាធាតុញៀនក្នុងខ្លួន។
លោក ទូច សុឃៈ បានអោយដឹងទៀតថា ក្រុមក្មេងទាំងនោះ នឹងប្រឈមុខវិធានការរដ្ឋបាល និងវិធានការច្បាប់ ។ ចំពោះវិធានការរដ្ឋបាល គឺការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាមុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ សម្រាប់ករណីស្រាលៗ។ ប៉ុន្តែបើរកឃើញពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
គួររម្លឹកផងដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី ២៣ ខែឧសភា បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវបង្ក្រាបក្រុមក្មេងទំនើង ជាពិសេសក្រុមដាវស៊ាំម៉ូរ៉ៃ ដែលអុកឡុកក្នុងសង្គម ដោយគ្មានការយោគយល់ និងលើកលែង។ ការដាក់បទបញ្ជានេះ គឺបន្ទាប់ពីកើតមានករណីក្មេងទំនើងបង្កើតជាបក្ខពួកដេញកាប់ចាក់គ្នាយ៉ាងអាណាធិបតេយ្យ ដែលបណ្តាលឱ្យមានអ្នករងរបួស និងប៉ះពាល់ទៅដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធ្វើអោយប្រជាពលរដ្ឋភ័យខ្លាច។
ទន្ទឹមនេះ ថ្វីបើ សកម្មភាពក្មេងទំនើងបានថមថយក្តី ប៉ុន្តែអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ស ថេត បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយចាត់វិធានការតាមជំនាញ និងវិធានការច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវរាល់សកម្មភាពក្មេងទំនើងទាំងនោះ មិនអោយធ្វើសកម្មភាពសារជាថ្មីទៀតបាននោះឡើយ៕

ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






