ព័ត៌មានជាតិ

កិច្ច​បដិបត្តិ​សមាធិ ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរមសព សម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស មាន​ព្រះសង្ឃ​ និង​ពុទ្ធបរិស័ទ ​ចូលរួម​ជិត ១​ម៉ឺន​អង្គ​/​នាក់​

BY
Khmernote Media
June 1, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ​ក្រោម​បរិយាកាស​ដ៏​អធិកអធម ​នៃ​ពិធី​កិច្ច​បដិបត្តិ​សមាធិ​ក្នុង​ព្រះ​រាជពិធី​មហា​បង្សុកូល​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរមសព​សម្តេចព្រះ​អគ្គ​មហា​សង្ឃរាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល ក្រសួង​ធម្មការ ​និង​គណៈសង្ឃ​នាយក​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​បានរៀបចំ​ពិធី​បដិបត្តិ​សមាធិមួយ​នៅ​ទីធ្លា​មុខ​វត្ត​ឧណ្ណា​លោម នា​ព្រលប់​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២៤ ដើម្បី​ផ្តល់ឱកាស​ឱ្យ​ព្រះសង្ឃ និង​ពុទ្ធ​បរិស័​ទបាន​ចូលរួម​ធ្វើបុណ្យ​សន្សំ​កុសល​ខ្លួនឯង​ផង និង​ឧ​ទ្ទិស​មហាកុសល​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ សម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស ហើយក៏​ជាការ​សម្ដែង​នូវ​មនោ​ស​ញ្ចេ​ត​នា​កតញ្ញូ​ត​វេទី​ប្រកបដោយ​ការគោរព​ដ៏​ខ្ពង់ខ្ពស់ ថ្វាយ​ព្រះមហា​ករុណា​ទិ​គុណ​ដ៏​ប្រសើរ​ថ្លៃថ្លា​ប្រកបដោយ​សេចក្តី​នឹករលឹក​សោកស្ដាយ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំបាន​ជាមួយនឹង​សេចក្ដី​អំណរ​ព្រះ​គុណ​ជា​អនេក​គ្មាន​ថ្ងៃ​បំភ្លេច​បានឡើយ។​

​ពិធី​បដិបត្តិ​សមាធិ​បានចាប់ផ្តើម​នៅ​ម៉ោង ៥ល្ងាច ​ថ្ងៃទី២៧ ខែឧសភា ​ឆ្នាំ​២០២៤ ដោយមានព្រះសង្ឃ​ប្រមាណ ៥ ០០០អង្គ ​ដឹកនាំ​ដោយ​សម្ដេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន ព្រះប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក និង​ជា​ព្រះ​មេគណ​រាជធានី​ភ្នំពេញ​ បាន​និមន្ត​ចាក​ចេញពី​វត្ត​បទុម​វ​ត្តី​ឆ្ពោះទៅកាន់​មុខ​វត្ត​ឧណ្ណាលោម ដែលជា​កន្លែង​ប្រារព្ធ​ពិធី​បដិបត្តិ​សមាធិ ដែល​នៅ​ទីនោះ​បានរៀបចំ​រួចស្រេច​នូវ​កម្រាល​សម្រាប់​គង់ របស់​ព្រះសង្ឃ ៥ ០០០អង្គ ដែល​នៅ​ពីមុខ​កម្រាល នោះ​មាន​ទឹកបរិសុទ្ធ​១ដប ​ជាមួយនឹង​ផ្កាឈូក​១ទង តម្រៀប​គ្នា​ជា​ជួរ​នៅលើ​ទីធ្លា​មុខ​វត្ត​ឧណ្ណាលោម រហូតដល់​មាត់ច្រាំង​ទន្លេ​។ នៅ​ជុំវិញ​ទីធ្លា​សម្រាប់​ព្រះសង្ឃ​គង់​សមាធិ មាន​ពុទ្ធបរិស័ទ ជាច្រើន​កុះករ​ក្នុង​សម្លៀកបំពាក់​អាវ​ស សំពត់​ស ពានា​កន្សែងស មាន​ទាំង​វ័យ​ចំណាស់ វ័យ​កណ្តាល និង​យុវជន យុវតី ក្នុង​ឯកសណ្ឋាន​ជា​សិស្សសាលា​ចូលរួម​ផងដែរ​។ បើតាម​គណៈកម្មការ​រៀប​ចំ​ពិធីបុណ្យ​កម្មវិធី​សមាធិ​នេះ មាន​ព្រះសង្ឃ និង​ពុទ្ធ​បរិ​ស័ទ​ប្រមាណ​ជិត ១​ម៉ឺន អង្គ​/​នាក់​ចូលរួម គឺ​លើសពី​ការគ្រោងទុក​។

ក្នុងនោះរាជរដ្ឋាភិបាល​បា​នសម្រេច​យក​ថ្ងៃទី០​៣ ខែមិថុនា ឆ្នាំ​២០២៤ ជា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​បរមសព សម្តេចព្រះ​អគ្គ​មហាសង្ឃរាជ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ហេតុ​នេះរាជ​រដ្ឋា​ភិបាល ក្រសួង​ធម្មការ ​និង​សាសនា និង​គណៈសង្ឃ​នាយក ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​រៀបចំ​មហា​ព្រឹត្តិការណ៍​មួយ​នេះ​ឡើង គឺ​កិច្ច​បដិបត្តិ​សមាធិ​ក្នុង​ព្រះរាជ​ពិធី​មហា​បង្សុកូល​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរមសព សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេច​ព្រះមហា​សង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

​កម្មវិធី​កិច្ច​បដិបត្តិ​សមាធិ​គឺជា​អ្វីដែល​សិស្ស​គុណ ​និងពុទ្ធបរិស័ទ​ទាំងអស់​ដែលជា​ពុទ្ធសាសនិក​អាច​ធ្វើបាន​សម្រាប់​បុគ្គល ឬ​ឧបការី​ជន ដែល​លាចាកលោក​នេះ​ទៅហើយ ដូចនេះ​មានតែ​ការធ្វើ​បុណ្យឧទ្ទិសកុសល ដែល​ក្នុងនោះ​ក៏មាន​ពិធី​កិច្ច​បដិបត្តិ​សមាធិ​នេះ​ផងដែរ នេះ​ជា​អ្វីដែល​សិស្ស​គុណ​ទាំងអស់ ក៏ដូចជា​ពុទ្ធបរិស័ទ​អាច​ធ្វើបាន​សម្រាប់​ស​ម្រួ​ម​ចិត្តឱ្យ​ស្ងប់ នៅក្នុង​កុសល​ធ​ម៌ ​និងឧទ្ទិស​កុសល​ថ្វាយ​ព្រះ​វិញ្ញ​ណ​ក្ខ​ន្ធ សម្ដេចព្រះ​មហាសង្ឃរាជ​ និង​ជាការ​គោរព​ចំពោះព្រះ​វី​រ​ភាព​របស់​ព្រះអង្គ​ដែល​បាន​លះបង់​ស្ទើរ​ពេញ​មួយជីវិត​ដើម្បី​ការ​រស់​ឡើងវិញ​ និងការរីកចម្រើន​នៃ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា​។

សម្តេច​ព្រះមហា​អរិយវង្ស​បណ្ឌិត យ៉​ន សេង​យៀ​ត មាន​សង្ឃ​ដីកាបន្ត​ថា​៖ «​កិច្ច​បដិបត្តិ​សមាធិ​» ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរមសព​ សម្ដេចព្រះ​អគ្គ​មហា​សង្ឃរាជា​ធិបតី ​ក្នុង​គោលបំណង​៖ ទី១. ក្នុងនាម​សិស្ស​គុណ ​និងពុទ្ធបរិស័ទ​ទូទាំងប្រទេស ដែល​កំពុង​បាត់បង់​នូវ​សម្ដេចព្រះ​មហាសង្ឃរាជ ហើយ​អ្វីដែល​យើង​អាច​ធ្វើបាន​គឺមាន​តែ​ការ​ឧ​ទ្ទិ​ស​បុណ្យ​កុសល​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​ចំពោះ​ប​ដិស​ទ្ធិ​ព្រះ​វិញ្ញាណ​របស់​ព្រះអង្គ ទី២. គឺ​ការគោរព​ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ​ ដែលបង្ហាញ​ពី​ទឹកចិត្ត ​និង​ស្មារតី​នៃ​ការចងចាំ​ព្រះអង្គ​ និងរលឹក​ពី​គំរូ​វីរភាព ​និង​ការសម្ដែង​នូវ​មនោសញ្ចេតនា​កតញ្ញូ​កតវេទី ប្រកបដោយ​ការគោរព​ដ៏​ខ្ពង់ខ្ពស់ ថ្វាយ​ព្រះមហា​ករុណា​ទិ​គុណ​ដ៏​ប្រសើរ​ថ្លៃថ្លា ប្រកបដោយ​សេចក្តី​នឹករលឹក ​សោកស្ដាយ​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន ជាមួយនឹង​សេចក្ដី​អំណរ​ព្រះរាជ​គុណ​ជា​អនេក​គ្មាន​ថ្ងៃ​បំភ្លេចបាន​។

​កិច្ច​បដិបត្តិ​សមាធិ​នេះ​ គឺជា​មហា​ព្រឹត្តិការណ៍​សាសនា​មួយ​ដ៏​ធំ ដែល​មហា​ព្រឹត្តិការណ៍​បែបនេះ​ធ្លាប់​បានធ្វើ​ម្តង​ក្នុង​ព្រឹត្តិការណ៍​នៃ​ពិធី​បដិបត្តិ​សមាធិ​ថ្វាយ ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរមសព សម្តេចព្រះ​បរម​រតន​កោដ្ឋ នៅមុខ​ព្រះបរមរាជវាំង ដែលមាន​ព្រះសង្ឃ​ និងពុទ្ធបរិស័ទ​ចូលរួម​ប្រមាណ​ជាង ២​ម៉ឺន​នាក់​។ លើក​នេះ​បើតាម​គណ​ស​ង្ឍ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏មាន​បំណង​ធ្វើឱ្យបាន​ធំ​ដែរ ក៏ប៉ុន្តែ​ដោយសារតែ​ទីតាំងមិន​អំណោយផល មិនអាចដាក់​មនុស្ស​បាន​ដល់​រាប់ម៉ឺន​នាក់​នោះទេ អ្នកជំនាញ​បញ្ជាក់ថា​ទីធ្លា​មុខ​វត្ត​ឧណ្ណាលោម នេះ​អាចដាក់​បាន​ព្រះសង្ឃ​ត្រឹម ៥ ០០០ អង្គ​ប៉ុណ្ណោះ​។

​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស បាន​បូជា​កម្លាំងកាយ ប្រាជ្ញា​ស្ទើរ​ពេញ​មួយជីវិត​របស់​ព្រះអង្គ​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ពិសេស​ក្រោយ​ថ្ងៃ​ប្រទេសជាតិ​បាន​រំដោះ​ចេញពី​របប​ខ្មៅ​ងងឹត​នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ក្នុង​ព្រះ​ជន្មាយុ​បាន ៤៨​វស្សា ព្រះអង្គ​បាន​និមន្ត​បួស​ឡើងវិញ​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​១៩៧៩​ និងមាន​ឋានៈ​ជា​ព្រះគ្រូ​វិន័យធរ​ក្នុង​វត្ត​ឧណ្ណាលោម​រាជធានី​ភ្នំពេញ​។ ព្រះអង្គ បាន​បំបួសព្រះសង្ឃ​រាប់ម៉ឺន​អង្គ និង​បាន​ជំរុញ​បើក​ទី​អា​រ៉ា​ម​ឡើងវិញ​នៅ​គ្រប់​ឃុំ ស្រុក ខេត្ត​ទូទាំងប្រទេស ធ្វើឱ្យ​វិស័យ​សាសនា​នៅ​កម្ពុជា​មានការ​រីកចម្រើន​ឡើង​។ ព្រះអង្គ​នៅ ក្នុង​ចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​វ័យ​ចំណាស់ គឺជា​អ្នក​ធ្វើឱ្យ​ព្រះពុទ្ធសាសនា​រីកចម្រើន និង​សុខដុម ​បន្ទាប់ពី​របប​ខ្មែរក្រហម​។​

​ឧបាសិកា កុល ឡា អាយុ ៧០ឆ្នាំ ដែល​អញ្ជើញ​មកពីឃុំ​ក្រោលគោ ខេត្តស្វាយរៀង បាន​ថ្លែងថា​៖ «ដោយសារ​ការគោរព និង​មាន​ភាព​អាឡោះអាល័យ​ចំពោះសម្តេច ដែល​កាល​ព្រះអង្គ​នៅមាន​ព្រះជន្ម ព្រះអង្គ​បានធ្វើឱ្យ​វិ​ស័យ​ព្រះពុទ្ធសាសនា​មានការ​រីកចម្រើន ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​វត្ត​អា​រ៉ា​ម សម្រាប់​ប្រតិបត្តិធ​ម៌ ទៅ​តាម​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា​។ ព្រះអង្គ​ធ្លាប់មាន​សង្ឃ​ដី​កា​អប់រំ ឱ្យ​យើង​ចេះ​សាមគ្គី​គ្នា ចេះ​ដឹង​គុណ​ចំពោះ​អ្នក​ដែល​បាន​ជួយ​យើង​។ ​ដូច្នេះ ពេលនេះ​ជា​ឱកាស​ចុងក្រោយ​ដែល​ខ្ញុំ​អាចមក ធ្វើ​បុណ្យឧទ្ទិសកុសល​ថ្វាយ​ព្រះអង្គ​»។ ឧបាសិកា កុល ឡា ក៏បាន​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​បាន​យកចិត្ត​ទុកដាក់​រៀបចំ​ពិធីបុណ្យ ព្រះ​បរមសព សម្តេច ​ទេព វង្ស បាន​យ៉ាង​អធិក​អ​ធម​ស័ក្តិសម​នឹង​ព្រះកិត្តិនាម​របស់​ព្រះអង្គ។​

​ចំណែក​ឧបាសិកា អ៊ុន សួន អាយុ ៧៥ឆ្នាំ ​មកពី​ឃុំ​ក្រោលគោ ខេត្តស្វាយរៀងដែរ បាន​ឱ្យដឹងថា​៖ «ខ្ញុំ​បាន​ចំណាយ​ថវិ​កា​ផ្ទាល់ខ្លួន​ធ្វើដំណើរ​ពី​ខេត្តស្វាយរៀង​មកដោយ​ការពេញចិត្ត ដើម្បី​ធ្វើបុណ្យ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល​ថ្វាយ​ដល់​សម្តេចសង្ឃ ដែល​ព្រះអង្គ​បាន​ខិតខំ​ធ្វើឱ្យ​ព្រះពុទ្ធសាសនា​រីក​ចម្រើន​ប្រសើរឡើង​។ សូមឱ្យ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ​បាន​ទៅកាន់​ឋាន​បរមសុខ កុំបី​ឃ្លៀងឃ្លាត​ឡើយ​»។

យុវ​សិស្ស ធី លី​ហុង មកពី​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វ​ត្តិ កំពុង​អង្គុយ​បត់ជើង​ជាមួយ​មិត្ត​រួម​ថ្នាក់​នៅមុខ​វត្ត​ឧណ្ណាលោម បាន​សម្ដែង​ការចាប់អារម្មណ៍​របស់​ខ្លួន​ថា​៖ «ការ​មក​ចូលរួម​ពិធី​បដិបត្តិ​សមាធិ នាពេលនេះ​គឺ​ដោយ​ទឹកចិត្ត​គោរព​ចំពោះ​សម្តេចព្រះសង្ឃរាជ​នៃ​កម្ពុជា ដែល​ព្រះអង្គ​បាន​លា​លោក​យើង​ទៅហើយ ក្នុងនាម​ជា​យុវជន និង​ជា​ពុទ្ធសាសនិក​មួយរូប ខ្ញុំ​ពិតជា​មានការ​អាឡោះអាល័យ​ចំពោះ​ព្រះអង្គ និង​មានការ​សោកស្តាយ​ចំពោះ​ការបាត់បង់​ធនធានមនុស្ស​របស់​ជាតិ ពិសេស​សម្រាប់​មនុស្ស​ដែលមាន​ចំណេះដឹង​ដ៏​ខ្ពង់ខ្ពស់​»។ យុវ​សិស្ស ធី លី​ហុង បានបន្តថា ​ការ​មក​ចូលរួម​នេះ​គឺ​ទីមួយ​រក្សា​ចិត្ត​ឱ្យ​ស្ងប់ និង​ឧទ្ទិសកុសលផល​បុណ្យ​ថ្វាយ​ព្រះអង្គ និង​បន់ស្រន់​សុំឱ្យ​ព្រះ​វិញ្ញាណក្ខន្ធ ព្រះអង្គ​បាន​ទៅដល់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ។

​ទោះបីជា​មេឃ​មាន​ភ្លៀង​យ៉ាងណាក៏ដោយ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ជាច្រើន​​អង្គ​/​នាក់ បានបន្តធ្វើ​កិច្ច​បដិបត្តិ​សមាធិ​ក្រោម​ដំណក់ទឹកភ្លៀង ​មិនបាន​និមន្តចាកចេញ​នោះឡើយ នៅពេល​ចប់​កិច្ច​បដិបត្តិ​សមាធិ ទាំង​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ បានត្រឡប់​ទៅវិញ​ទាំង​ទទឹកជោក​។ កិច្ច​បដិបត្តិ​សមាធិ​ក្នុង​ព្រះ​រាជពិធី មហា​បង្សុកូល​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរមសព សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស គឺជា​ពិធីបុណ្យ​ធំ​ចុងក្រោយ​មុន​ឈានដល់ ព្រះ​ពិធីបុណ្យ​មហា​សង្ឃទាន ថ្វាយ​ព្រះ​ភ្លើង អភិសេក ព្រះ​បរម​អដ្ឋិ និង​ឆាក​មហា​បង្សុកូល​ឆ្លង​ខួបគម្រប់​១០០​ថ្ងៃ ថ្វាយ​ព្រះរាជ​មហាកុសល ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរមសព​។ ក៏ប៉ុន្តែ​នៅក្នុង​រយៈពេល​ពី​ពេលនេះ​ទៅដល់​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើងព្រះ​បរមសព ពុទ្ធ​បរិស័​ទ​នៅតែ​មានឱកាស​អញ្ជើញ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ និង​បង្សុកូល​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរមសព និង​ប្រគេន​ចង្ហាន់​ព្រះសង្ឃ ទៅតាម​សទ្ធា​ជ្រះថ្លា ចាប់ពី​ម៉ោង​៨ ព្រឹក​រហូតដល់​ពេលយប់​៕

ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: