ព័ត៌មានជាតិ

ស្នងការខេត្តបាត់ដំបង ប្រគល់រថយន្តចំនួន ២គ្រឿង បំពាក់ដោយសម្ភារឧបករណ៍ ដើម្បីចុះផ្តល់អត្តសញ្ញាណប័ណ្ណជូនសិស្សានៅតាមវិទ្យាល័យ

BY
Khmernote Media
June 3, 2024

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការប្រគល់រថយន្តចំនួន០២គ្រឿង ដល់ការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៃស្នងការដ្ឋានដើម្បីប្រើប្រាស់សម្រាប់ចុះផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុង ស្រុកក្នុងខេត្តបាត់ដំបង។

ក្នុងឱកាសនៃការប្រគល់ ទទួលនេះលោកឧត្តមសេនីយ៍ទោស្នងការ មានប្រសាសន៍ថា ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអនុសាសន៍ណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយបានការអនុញ្ញាតិពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម បានផ្តល់នូវរថយន្តនេះមកស្នងការដ្ឋានដើម្បីបានប្រើប្រាស់ជាផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋទូទៅក្នុងខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ទោស្នងការបានណែនាំដល់លោកស្នងការរងទទួលផែននិងលោកស្នងការរងទទួលដឹកនាំការិយាល័យរួមទាំងលោកនាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងការប្រើប្រាស់រថយន្តនេះដើម្បីបម្រើដល់ ការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ជាពិសេសសំដៅទៅលើគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនដែលមានសិស្សានុសិស្សគ្រប់អាយុក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណ ធ្វើយ៉ាងណាសម្របសម្រួលឱ្យបានឆាប់រហ័សក្នុងការផ្តល់ ហើយមន្រ្តីនគរបាលជំនាញនេះត្រូវបម្រើសេវ៉ាជូនប្រជាពលរដ្ឋប្រកបដោយស្នាមញញឹម ដោយពាក្យសំដី និងអាកប្បកិរិយា រួសរាយរាក់ទាក់ចៀសវាងនូវបាតុភាពអវិជ្ជមានណាមួយកើតឡើងក្នុងការងារនេះ។ ជាមួយគ្នានេះ សូមជួយថែរក្សានូវរថយន្តទាំងនេះឱ្យបានល្អ មិនត្រូវយករថយន្តនេះទៅប្រើប្រាស់ខុសគោលបំណងដែលបានដាក់ជូននេះឡើយ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

Share This Post: