ព័ត៌មានជាតិ

ក្រុមតន្ត្រីប្រទេសអ៉ីតាលី ស្នើសុំ ក្រសួងអធិការកិច្ច ដើម្បីប្រគំតន្ត្រីកម្រិតពិភពលោករបស់អ៉ីតាលីនៅកម្ពុជា

BY
Khmernote Media
June 5, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលជួបពិភាក្សាការងារជាមួយលោក Marcos Bianchi នាយកគ្រប់គ្រងកម្មវិធីប្រគំតន្រ្តីរបស់លោក Andrea Bocelli ដើម្បីស្នើសុំការគំាទ្រលើការរៀបចំប្រគំតន្រ្តី STARS ASIA TOUR 2025-2026 នៅព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងក្ដីសោមនស្សរីករាយ និងស្វាគមន៍លោក Marcos Bianchi នាយកគ្រប់គ្រងកម្មវិធីប្រគំតន្រ្តីរបស់លោក Andrea Bocelli និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារ និងជម្រាបពីគម្រោងរៀបចំកម្មវិធីប្រគំ STARS ASIA TOUR 2025-2026 របស់សិល្បករអ៊ីតាលីដ៏ល្បីល្បាញលោក Andrea Bocelli នៅប្រទេសកម្ពុជា។​​

លោក Marcos Bianchi នាយកគ្រប់គ្រងកម្មវិធីប្រគំតន្រ្តីរបស់លោក Andrea Bocelli បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបពិភាក្សាការងារ ព្រមទាំងជម្រាបពីការស្នើសុំកិច្ចគាំទ្រ និងសហការដែលក្រុមហ៊ុនត្រូវការពីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំកម្មវិធីប្រគំតន្រ្តី STARS ASIA TOUR 2025-2026 របស់លោក Andrea Bocelli ក្រោមប្រធានបទសន្តិភាព វប្បធម៌ និងការអប់រំ នៅព្រះរាជាណាចក្រកម្ពុជា។ លើសពីការប្រគំតន្ត្រី លោកនាយកគ្រប់គ្រងកម្មវិធី ក៏បានជម្រាបថាក្នុងគម្រោងនេះនឹងមានវីដេអូផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ និងទីកន្លែងទេសចរណ៍របស់កម្ពុជាទៅដល់ពិភពលោកផងដែរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក Andrea Bocelli និងក្រុមការងារ ដែលបានជ្រើសរើសព្រះរាជាណាចក្រកម្ពុជាជាទីកន្លែងមួយនៃកម្មវិធីប្រគំតន្រ្តី STARS ASIA TOUR 2025-2026 ដែលជាការជ្រើសរើសដ៏ត្រឹមត្រូវជាមួយនឹងលោក Andrea Bocelli សិល្បករកម្រិតពិភពលោកសំដែងនៅមុខប្រាសាទ អង្គរវត្តដែលជាបេតិកភណ្ឌពិភពលោក ពិតជាព្រឹត្តការណ៍ដ៏អស្ចារ្យ និងអាចបញ្ជាក់យ៉ាងច្បាស់ពីស្ថានភាពប្រទេសកម្ពុជាមានសុខសន្តិភាព សេ្ថរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍគ្រប់វិស័យ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការគាំទ្រពេញទំហឹង និងស្នើសុំឱ្យស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ផ្តល់កិច្ចសហការល្អ និងសម្របសម្រួល ដើម្បីឱ្យគម្រោង ប្រគំតន្រ្តី STARS ASIA TOUR 2025-2026 បានដំណើរការដោយរលូន និងជោគជ័យ។​

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជូនពរ លោក Marcos Bianchi នាយកគ្រប់គ្រងកម្មវិធីប្រគំតន្រ្តីរបស់លោក Andrea Bocelli និងសហការី មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការងារនៅព្រះរាជាណាចក្រកម្ពុជា ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: