ព័ត៌មានជាតិ

ស្នងការខេត្តបន្ទាយមានជ័យ ប្រើកណ្តាប់ដៃដែកចុះបង្រ្កាបទីតាំងខារ៉ាអូខេមួយកន្លែង នៅក្រុងប៉ោយប៉ែត ក្រោយរកឃើញថាមានលក់ ចែកចាយថ្នាំខុសច្បាប់ និងបើកបនល្បែង

BY
Khmernote Media
June 5, 2024

ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នគរបាលទូទាំងខេត្តត្រូវពង្រឹងការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរគ្រឿងញៀន បទល្មើសជួញដូរផ្លូវភេទ និងក្មេងទំនើង ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

ជាក់ស្ដែងនៅថ្ងៃចន្ទ ១២ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ០១ និង០០នាទី កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌក្រុង ជំនាញប្រឆំាងគ្រឿងញៀនក្រុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្រ្កាបទីតាំងខារ៉ាអូខេ អេហ្ស៊ីប សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កប់នូវការលេងល្បែងស៊ីសងខុសច្បាប់(ហ្គេមបាញ់ត្រី)និងចែកចាយគ្រឿងញៀននិងបើក ផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

ក្នុងកិច្ចប្រតិបត្តិការនោះ នគរបាលយើងបានឃាត់ខ្លួនមនុស្ស ចំនួន ៤៧ នាក់ ស្រី ១៨នាក់ ក្នុងនោះជនបរទេស ០៦នាក់ (ចិន០២នាក់និង ថៃ ០៤នាក់) ដកហូតវត្ថុតាងថ្នាំម្សៅសថ្លា ០៤ថង់តូច ថាសសំរាប់ដាក់ប្រើគ្រឿងញៀន ១០ថាសជាមួយម៉ូតូ១៨គ្រឿង និងរថយន្ត០១គ្រឿង ដោយឡែកទូរហ្គេមបាញ់ត្រី ៨គ្រឿង និងទូរស្លុត ៦គ្រឿង រក្សាទុកក្នុងទីតាំងខារ៉ាអូខេ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំងនោះ និងសម្ភារវត្ថុតាង ត្រូវបានបញ្ចូនទៅ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងចាត់ការបន្តតាមនីតិវិធី៕

ប្រភព៖ អគ្គនាយកដ្ឋានផ្សព្វផ្សាយអប់រំ

Share This Post: