ព័ត៌មានជាតិ

ទូរស័ព្ទដៃនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានមន្ត្រីគយនិងរដ្ឋាករប្រគល់ជូនម្ចាស់ដើមវិញហើយ

BY
Khmernote Media
June 5, 2024

ខេត្តត្បូងឃ្មុំ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មន្ត្រីគយនិងរដ្ឋាករ បានចុះចាប់និងដកហូតទូរស័ព្ទដៃជាង ១ពាន់គ្រឿង ពុំមានបិទត្រាពន្ធគយ និងពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់ នៅទីតាំងអាជីវកម្មមួយចំនួនដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ រដ្ធាមេមត់ លក់ទូរស័ព្ធដៃទំនើប ស្រុកមេមត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ បានបញ្ជាក់ថា បន្ទាប់ពីមានការជួយសម្រួល និងជួប​ពិភាក្សា​គ្នា​ដោះស្រាយ​រួច ​មន្ត្រី​គយ បានប្រគល់​ទូរស័ព្ទដៃឱ្យម្ចាស់ហាងវិញហើយ។

ក្នុងនោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ រដ្ធាមេមត់ លក់ទូរស័ព្ធដៃទំនើប ស្រុកមេមត់ បានបង្ហោះសារដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ហាង រដ្ធាមេមត់ ទទួលបានទូរស័ព្ទវិញហើយ អគុណមេៗ ជួយសម្រួល ស្អែកបើកលក់ធម្មតាទិញ លក់ ជួសជុល»

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែឧសភា ដោយអនុលោមភាពនៅតាមទីតាំងអាជីវកម្មដ្ឋាន មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចពិនិត្យឃើញថាមាន ទូរស័ព្ទស្មាតហ្វូនថ្មី ចំនួន ៣៥៦គ្រឿង និងទូរស័ព្ទប្រើរួច ចំនួន ៩៥៥គ្រឿង ពុំមានបិទត្រាពន្ធគយនិងពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់ ដោយទូរស័ព្ទទាំងនេះត្រូវបាននាំយកមកថែរក្សាទុកជាបណ្តោះអាសន្ននៅ ទីតាំងឈរជើង របស់ ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ស្ថិតនៅភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយទៅតាមនីតិវិធី។

សូមជម្រាបជូនថា នៅថ្ងៃទី០១ ខែមិថុនា តាមរយៈបទសម្ភាសន៍របស់ទូរទស្សន៍បាយ័ន “ម្ចាស់ហ្វេសបុក វាសនា ដាលីន ហាងលក់ទូរសព្ទដៃទំនើបក្រុងសួង” និងម្ចាស់ហាងទូរស័ព្ទផ្សេងទៀត ដែលត្រូវបានធ្វើអនុលោមភាព ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ បានទទួលស្គាល់ថា ព័ត៌មានដែលគាត់បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ជាព័ត៌មានមិនពិត។

បន្ថែមពីនេះ ម្ចាស់ហាងទូរស័ព្ទផ្សេងទៀតដែលត្រូវបានមន្ដ្រីគយនិងរដ្ឋាករចុះត្រួតពិនិត្យអនុលោមភាព បានបញ្ជាក់ថា មន្ដ្រីគយនិងរដ្ឋាករមិនបានចាប់ឃាត់ទុក ឬមិនបានតម្រូវឱ្យបង់ពន្ធ ៩៣ដុល្លារ ក្នុងមួយគ្រឿង សម្រាប់ទូរស័ព្ទប្រភេទ Nokia Nចុចពិល ឡើយ។ ម្ចាស់អាជីវកម្មខ្លះបានទទួលស្គាល់ថាទូរស័ព្ទរបស់គាត់ពិតជាគ្មានពន្ធ និងខ្លះមិនបានដឹងថាទំនិញរបស់ខ្លួនមានពន្ធឬគ្មានពន្ធ គឺគាត់បានទទួលយកមកចែកចាយលក់បន្តពីក្រុមហ៊ុន។ ម្ចាស់អាជីវកម្មដ្ឋានខ្លះ បានស្នើសុំឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទូរស័ព្ទ ធ្វើការបង់ពន្ធនាំចូលឱ្យបានត្រឹមត្រូវផងដែរ ៕

ប្រភព៖ រដ្ធាមេមត់ លក់ទូរស័ព្ធដៃទំនើប ស្រុកមេមត់

Share This Post: