ព័ត៌មានជាតិ

ក្រសួងបរិស្ថាន គ្រោងរៀបចំតំបន់ការពារធនធានធម្មជាតិភ្នំគូលែន និងភ្នំណាមលៀរទៅជាសួនឧទ្យានភូគម្ភសាស្រ្ត (Go-Park)

BY
Khmernote Media
June 8, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា ការពិចារណាលើការរៀបចំដាក់តំបន់ការពារធនធានធម្មជាតិភ្នំគូលែន និងភ្នំណាមលៀរទៅជាសួន ឧទ្យានភូគម្ភសាស្រ្ត (Go-Park)ដើម្បីអភិរក្សបេតិកភណ្ឌភូមិសាស្ត្រនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro ជាទីប្រឹក្សាជាន់ខ្ពស់ JICA នៅរសៀលថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីថា តំបន់ឧទ្យានអង្គវត្ត និងដែន ជម្រកសត្វព្រៃ ភ្នំណាមលៀរ មានសក្តានុពល និងជាបេក្ខភាពជ្រើសរើសឱ្យមានការរៀបចំជាសួន/ឧទ្យានភូគម្ភសាស្រ្ត ដើម្បីបង្កើតជាគោលដៅលំហែបៃតងថ្មីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបម្រើដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស-និស្សិតផង។

លោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro ទីប្រឹក្សាជាន់ខ្ពស់JICA បានថ្លែងការកោតសរសើរ ស្វាគមន៍ និងគាំទ្រដល់បេក្ខភាពនៃតំបន់ការពារធម្មជាតិទាំងពីរខាងលើ និងបានស្នើដល់ក្រសួងបរិស្ថានពិចារណារៀបចំក្រុមការងារដើម្បីសិក្សាលទ្ធភាពលើបេក្ខភាពតំបន់ការពារធម្មជាតិទាំងពីរខាងលើ និងបណ្តាតំបន់ការពារធម្មជាតិផ្សេងៗទៀត ៕

ប្រភព៖ Ministry of Environment

Share This Post: