ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលស្រុកកំពង់ស្វាយ ណែនាំដល់ម្ចាស់ទូកដរ ត្រូវតែចម្លងសិស្សានុសិស្សឱ្យមានសុវត្ថិភាព

    BY Khmernote Media June 11, 2024
    អភិបាលស្រុកកំពង់ស្វាយ ណែនាំដល់ម្ចាស់ទូកដរ ត្រូវតែចម្លងសិស្សានុសិស្សឱ្យមានសុវត្ថិភាព

    ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានណែនាំដល់ម្ចាស់ទូកដរត្រូវតែចម្លងសិស្សានុសិស្សពេលទៅសាលារៀន និងចេញពីសាលាឱ្យមានសុវត្ថិភាព ដោយលើកឡើងបែបបនេះក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់ដែលសិស្សានុសិស្សធ្វើដំណើរលើទូកដរទៅសិក្សារៀនសូត្រជារៀងរាល់ថ្ងៃនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យពាមគ្រែង ស្ថិតនៅឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤។

    ក្នុងឱកាសនោះដែរ លោកអភិបាលស្រុក ក៏បានណែនាំផងដែរដល់ម្ចាស់ទូកដរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះឧបករណ៍ទូក និងម៉ាស៊ីនដែលចម្លងសិស្សានុសិស្សមកសិក្សារៀនសូត្រជារៀងរាល់ថ្ងៃ ត្រូវមានអាវពោងសុវត្ថិភាពក្នុងការជិះទូកឆ្លងទៅមកប្រកបដោយសុវត្ថិភាព និងមានការទទួលខុសត្រូវខ្ពស់។ ចំពោះការឱ្យសិស្សជិះទូកដរទៅមក មិនឱ្យដាក់សិស្សានុសិស្សលើសចំណុះនោះឡើយ ត្រូវតែគិតពីចំនួនសិស្ស និងឧបករណ៍ទូក ដើម្បីធានាសុវត្ថិភាពពីការលិចលង់ដែលកើតឡើងជាយថាហេតុ។

    ទន្ទឹមនឹងនេះ លោកបានបញ្ជាក់បន្ថែមទៀតថាលោកគ្រូ អ្នកគ្រូ និងឪពុកម្ដាយសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ និងតាមដានការធ្វើដំណើររបស់ពួកគាត់ឱ្យបានគ្រប់ពេលវេលា ដើម្បីជៀសវាងពីការគ្រោះថ្នាក់ដល់អាយុជីវិតសិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រផងដែរ។ សូមសិស្សានុសិស្សទាំងអស់ ត្រូវតែស្ដាប់ការណែនាំរបស់លោកគ្រូអ្នកគ្រូ និងម្ចាស់ទូកដរ ដោយត្រូវតែពាក់អាវពោងសុវត្ថិភាពជាប្រចាំ នៅពេលដែលឆ្លងទូកដរ ពេលទៅសាលារៀននិងចេញពីសាលារៀន ដើម្បីចៀសវាងពីការបាត់បង់ជីវិតដោយប្រការណាមួយ។

    ជាមួយគ្នានេះដែរ លោក ឈុន ស្រីឈឿន នាយកអនុវិទ្យាល័យពាមគ្រែង បានគូសបញ្ជាក់ថា សិស្សានុសិស្សចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១០ មានចំនួន ១០១នាក់ ស្រី ៣៧នាក់ ត្រូវឆ្លងទូកដរជាប្រចាំពេលមករៀន ដោយសម្រាប់១ពេលជិះឆ្លង២ដង ក្នុង១ដងមានចំនួន ៥០នាក់ សម្រាប់អាវពោងសុវត្ថិភាពមានតែ៣៥តែប៉ុណ្ណោះ ដូច្នេះពុំមានគ្រប់គ្រាន់សម្រាប់សិស្សានុសិស្ស ដើម្បីពាក់ក្នុងពេលជិះទូកឆ្លងពីត្រើយម្ខាង ទៅត្រើយម្ខាងនោះឡើយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay