រដ្ឋបាលជលផល អំពាវនាវដល់ប្រជានេសាទខេត្តកំពត ឱ្យយកចិត្តទុកដាក់ការពារផ្សោតសមុទ្រប្រភេទថ្មី
- June 12, 2024
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សត្វផ្សោតសមុទ្រគ្មានព្រុយខ្នងជំទង់មួយក្បាលត្រូវបានប្រទះឃើញងាប់នៅភូមិសាស្រ្តត្រពាំងរពៅ ខេត្តកំពត។ ជាមួយនឹងការស្លាប់សត្វផ្សោតសមុទ្រប្រភេទថ្មីនេះ រដ្ឋបាលជលផលបានអំពាវនាវដល់ប្រជានេសាទឱ្យជួយការពារនិងអភិរក្សសត្វផ្សោតប្រភេទនេះ។

អង្គការ MCC បានឱ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះថា នាវេលាម៉ោង ០៧៖៣២ ពេលព្រឹកនៅថ្ងៃទី១០ ខែមិថុនា ក្រុមបច្ចេកទេស ផ្នែកអភិរក្សថនិកសត្វសមុទ្រនៃអង្គការ MCC បានទទួលព័ត៌មានអំពីការស្លាប់របស់សត្វផ្សោតប្រភេទថ្មី វ័យជំទង់មួយក្បាល ។ប្រភពដដែលបន្តថា ក្រោមការណែនាំដោយផ្ទាល់ពី លោកនាយ និងនាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងកិច្ចសហប្រតិបត្តិការ ជាមួយគណៈកម្មការសហគមន៍នេសាទ ត្រពាំងរពៅ ខេត្ដកំពត បានធ្វើការពិនិត្យ និងវិនិច្ឆ័យអំពីប្រភេទសត្វផ្សោតនេះ។ ក្រោយពីការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារបច្ចេកទេស និងតាមរយៈការផ្តល់ព័ត៌មានលម្អិតពីគណៈកម្មការសហគមន៍នេសាទយើងអាចកំណត់បានថា វាជាប្រភេទសត្វផ្សោតគ្មានព្រុយខ្នង Indo-Pacific finless porpoise (Neophocaena phocaenoides) ដែលជាកំណត់ត្រាប្រភេទថ្មីក្រៅពីប្រភេទផ្សោតចំនួនពីរប្រភេទដែលបានកត់ត្រារួចហើយនៅក្នុងដែនទឹកសមុទ្ររបស់ខេត្តកំពត។
ក្រុមការងារអភិរក្ស បានបញ្ជាក់ថាវត្ដមានសត្វផ្សោតប្រភេទអត់ព្រុយខ្នងនៅក្នុងដែនសមុទ្រប្រទេសកម្ពុជាជាកំណត់ត្រាថ្មី ហើយវាក៏ជាលទ្ធផលបង្ហាញពីការកើនឡើងនៃជីវៈចម្រុះ ជាពិសេសប្រភពអាហារ ជម្រកនិងសុវត្ថិភាព ដែលទាក់ទាញប្រភេទសត្វកំពុងរងគ្រោះថ្នាក់មករស់នៅក្នុងកន្លែងអភិរក្សជលផលសមុទ្រកម្ពុជា។ ក្រុមការងារបច្ចេកទេសនឹងបន្តធ្វើការសិក្សាស្រាវជ្រាវបន្ថែមអំពីកំណត់ត្រាថ្មីនេះ ដើម្បីទទួលបានព័ត៌មានកាន់តែទូលាយនិងលម្អិតបន្ថែម និងព្យាយាមការពារថនិកសត្វថ្មីនេះ។
បន្ថែមទៅលើអ្វីដែលអង្គការMCC បានបញ្ជាក់ នៅថ្ងៃដដែលនេះដែររដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានពណ៌នាថា ផ្សោតសមុទ្រតែងបន្លាស់ទីពីប្រទេសមួយទៅប្រទេសមួយទៀតក្នុងតំបន់ និងតែងចូលមករស់នៅរយៈពេលយូរក្នុងតំបន់ដែលមានសុវត្ថិភាព។
ជាក់ស្តែង ផ្សោតទាំងនេះបានចូលមករស់នៅយ៉ាងច្រើនក្នុងខេត្តកែបនិងកំពត ដែលជាមោទនភាពបំផុត។ កូនផ្សោតភាគច្រើនស្លាប់ដោយសារឧបករណ៍នេសាទមង។ ចំពោះមុខរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមស្នើបងប្អូនអ្នកនេសាទ ជៀសវាងប្រើឧបករណ៍នេសាទមងនៅទីតាំងដែលផ្សោតតែងមានវត្តមាន និងមានវិធានការបន្ទាន់ក្នុងការជួយសង្គ្រោះ នៅពេលសត្វផ្សោតជាប់នឹងមង ដោយកាត់ខ្សែមងចេញពីដងខ្លួនដោយថ្មមៗ ឬទំនាក់ទំនងទៅមន្រ្តីខណ្ឌរដ្ឋបាលជលផលដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍។
ក្នុងថ្ងៃទី១១ ខែមិថុនា នេះអង្គការMCC ក៏បានប្រកាសឱ្យដឹងពីការប្រទះឃើញវត្ដមានផ្សោតក្បាលត្រឡោក (Orcaella brevirostris)ចំនួនមេប្រាំក្បាលកំពុងបណ្ដើរកូនចំនួនប្រាំក្បាលដែរ នៅមុខកោះអាចម៍សេះនៃខេត្តកែប។ សត្វផ្សោតក្បាលត្រឡោកជាប្រភេទសត្វដែលជិតផុតពូជ៕


ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






