ព័ត៌មានជាតិ

ទូកកន្ទុយវែង១គ្រឿង បានបាត់នៅលើផ្ទៃសមុទ្រកោះតាង ខណៈមនុស្ស២នាក់កំពុងស្វែងរក ដើម្បីជួយសង្គ្រោះ

BY
Khmernote Media
June 17, 2024

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា ទូកកន្ទុយវែងមួយគ្រឿងប្រភេទទូកដឹកទេសចរណ៍បានបាត់នៅលើផ្ទៃសមុទ្រកោះតាង តាំងពីព្រឹកថ្ងៃ១៦ ខែមិថុនាម្សិលមិញ រហូតមកដល់រសៀលថ្ងៃ១៧ ខែមិថុនា២០២៤នេះ នៅមិនទាន់ទទួលដំណឹងនៅឡើយ ហើយបច្ចុប្បន្នការស្វែងរក ដើម្បីជួយសង្គ្រោះកំពុងធ្វើបន្ត។

សមត្ថកិច្ច បានឱ្យដឹងថា តាមការផ្តល់ព័ត៌មានពីម្ចាស់ទូក ឈ្មោះ ឃាង ភារៈ ភេទប្រុស អាយុ ៣៩ឆ្នាំ ទូរស័ព្ទលេខ 016639492 ទីលំនៅសព្វថ្ងៃ ភូមិបត់សេមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រាប់ថា៖

កាលពីម៉ោង ០៨៖០០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤(ម្សិលមិញ) ទូកកន្ទុយវែង ០១គ្រឿង សម្រាប់ដឹកភ្ញៀវទេសចរណ៍ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង បានចេញដំណើរពីភូមិកោះតូច ក្រុងកោះរ៉ុង ឆ្ពោះមកក្រុងព្រះសីហនុ(ផែទំនប់រលក)។ លុះដល់វេលាម៉ោង ១៥៖៣០នាទីរសៀល ម្ចាស់ទូកមិនទាន់ឃើញមកដល់ក្រុងព្រះសីហនុ ទើបព្យាយាមទំនាក់ទំនងតាមទូរស័ព្ទ ហើយ អ្នកបើកបរទូកបានឆ្លើយថាទូកជួបភ្លៀងខ្យល់និងរលកខ្លាំងកំពុងវង្វេងមិនដឹងដល់គោលដៅណាឡើយ ទើបម្ចាស់ទូកឲ្យទម្លាក់ទីតាំងវង្វេង ឃើញថា ទូកនេះនៅជិតកោះតាង ហើយក្រោយមកក៏ទាក់ទងគ្នាលែងបាន បាត់ដំណឹង។ នៅលើទូកមានមនុស្សចំនួន ០២នាក់៖
១.ឈ្មោះ ឆើត ភេទប្រុស អាយុ ២២ឆ្នាំ ជាអ្នកបើកបរ លេខទូរស័ព្ទ 0876407434
២.ឈ្មោះ ញ៉ាញ់ ភេទប្រុស អាយុ ២២ឆ្នាំ ជាអ្នកសុំមកជាមួយ៕ (រូបទូកមុនពេលបាត់ក្នុងសមុទ្រនិងរូបថតអ្នកបើកបរទូកនោះ)

ប្រភព៖ លោក Huy Bunleng News

Share This Post: