រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កំពុងទទួលបានការចូលរួមយ៉ាងសកម្មពីសំណាក់បងប្អូនប្រជាពលរដ្ឋ
- June 19, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើង ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា គឺកំពុងទទួលបានការចូលរួមយ៉ាងសកម្មពីសំណាក់បងប្អូនប្រជាពលរដ្ឋ។

នេះជាការបង្ហាញឱ្យឃើញពីការចែករំលែកនូវថវិកា និងទឹកចិត្តរបស់ខ្លួនជាមួយនឹងកុមារកម្ពុជា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមូលនិធិគន្ធបុប្ផាកម្ពុជានេះនឹងយកថវិកាបានមកពីការបរិច្ចាគរបស់សប្បុរសជនទៅគ្រប់គ្រង ប្រើប្រាស់ និងដំណើរការនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យដ៏សកម្មនៅក្នុងការព្យាបាល និងថែទាំទៅដល់កុមារកម្ពុជា ហើយតាមរយៈមន្ទីរពេទ្យគន្ធបុប្ផា ដែលមានតួនាទីសំខាន់នៅក្នុងប្រទេសកម្ពុជា គឺបានចូលរួមយ៉ាង សកម្មក្នុងការ កាត់បន្ថយនូវ អត្រាមរណភាពរបស់កុមារ និងទារក ក៏ដូចជាមាតាផងដែរ តាមរយៈការផ្តល់នូវការព្យាបាល និងការថែទាំ ព្រមទាំងការយកចិត្តទុកដាក់ទៅលើ កិច្ចការងារថែទាំសុខភាព។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងបែបនេះ ក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍនភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីផ្តល់នូវបច្ចុប្បន្នភាពទៅលើដំណើរការនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលបានចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃទី១ ខែមិថុនាកន្លងទៅ ហើយគ្រោងនឹងបិទបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ដោយក្នុងសន្និសីទសារព័ត៌មាននេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានកត់សម្គាល់ថា៖
កន្លងមកនេះ គឺមានសកម្មភាពផុសផុល នៃការចូលរួមរបស់សាធារណជន ក្រសួង ស្ថាប័ន មានការកើនឡើងយ៉ាងច្រើន ដែលនេះ គឺជាចលនាជាតិមួយដែលយើងអាចវាយតម្លៃបានថា ប្រជាជនកម្ពុជារបស់យើង បានចូលរួមក្នុងការចែករំលែកធនធានរបស់ខ្លួន ដើម្បីសេចក្តីសុខរបស់កុមារកម្ពុជា និង ក៏ដូចជាការចូលរួមសម្រាលបន្ទុករបស់គ្រួសារអ្នកដែលខ្វះខាតខាងជីវភាព តាមរយៈការទៅ ទទួលសេវាព្យាបាលកូនចៅរបស់ពួកគាត់នៅមន្ទីរពេទ្យគន្ធបុប្ផាដោយឥតគិតថ្លៃ។
បើតាម ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា រហូតមកទល់ពេលនេះ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» គឺទទួលបានថវិកាសរុបដោយគិតជាប្រាក់ដុល្លារមានប្រមាណជិត ៣លានដុល្លារអាម៉េរិក ហើយថាការចូលរួមរបស់សាធារណជនគឺនៅមានជាបន្តបន្ទាប់ និងមិនទាន់ថមថយ នៅឡើយទេ។
ដែលនេះយើងពិតជាមានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះទឹកចិត្តដ៏សប្បុរសរបស់សាធារណជន ដោយឯកឧត្តមបានចាត់ទុកការ ចូលរួមនេះគឺជាកាយវិការដ៏សំខាន់ក្នុងការរួមចំណែក ដើម្បីធានាដល់ប្រក្រតីភាពនៃ ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផានាពេលបច្ចុប្បន្ន ក៏ដូចជាធានាបាននូវនិរន្តរភាព នៅក្នុងបេសកកម្មរបស់ខ្លួន ដែលជាបេសកកម្មពិនិត្យ និងព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃ ដោយមិនរើសអើង និងប្រកបដោយគុណភាពខ្ពស់ ដែលរហូតមកដល់ពេល នេះមន្ទីរពេទ្យគន្ធបុប្ផាត្រូវបានទទួលស្គាល់ថា ជាមន្ទីរពេទ្យប្រកបដោយគុណភាព នៅក្នុងពិនិត្យ និងព្យាបាលជូនដល់កុមារកម្ពុជាបានរាប់លាននាក់ រួចមកហើយនោះ៕





ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






