យុទ្ធនាការផ្ទះមួយខ្នង ដើមឈើមួយដើមនៅខេត្តបាត់ដំបង នឹងបើកយុទ្ធនាការនៅថ្ងៃទី១១ ខែកក្កដាខាងមុខ
- June 20, 2024
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើម នេះគឺធ្វើឡើង សម្រាប់ក្រុងស្រុកទាំង១៤ ទូទាំងខេត្តបាត់ដំបង ដោយជំហានដំបូង ផ្ដោតទៅលើទីប្រជុំប្រជន ក្នុងគោលបំណង សំខាន់បំផុត ដើម្បីកំណត់ឲ្យច្បាស់ អំពីព្រំដីចំណីផ្លូវ ពិសេសលើសកម្ពស់ សម្រស់នៅតាម ទីប្រជុំជនតែម្ដង។ ការបញ្ជាក់នេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយ ត្រៀមបើកយុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ឯកឧត្តមបញ្ជាក់ថា យុទ្ធនាការផ្ទះមួយខ្នង ដើមឈើមួយដើមនេះទាមទារឱ្យមានការចូលរួមពីសំណាក់ មន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ក្នុងការរួមគ្នាថែរក្សាការពារ ដើមឈើនេះ ឱ្យបានគង់វង្ស ដើម្បីជាម្លប់ ជាសម្រស់ និងបង្ហាញដល់កូនចៅជំនាន់ក្រោយ ឱ្យបានស្គាល់អំពី ប្រភេទនៃដើមឈើ ប្រណីតសំខាន់ៗ មួយចំនួនផងដែរ។ ឯកឧត្តមបញ្ជាក់ថាសម្រាប់ យុទ្ធនាការនេះ រដ្ឋបាលខេត្តគ្រោងត្រៀមកូនឈើប្រមាណ ២៥០០០ដើម ហើយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ កូនឈើប្រមាណ ១ម៉ឺនដើម បានបញ្ជូនមកដល់រួចរាល់ហើយ។
ក្នុងឱកាសចុះពិនិត្យកូនឈើទាំងនេះ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណ ឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្សប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ដែលបានផ្តល់ដើមឈើប្រណិតចំនួន ១០.០០០ដើម ដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីរៀបចំដាំក្នុងក្រុងបាត់ដំបង។
សូមបញ្ជាក់ថា ក្រុងបាត់ដំបងនឹងមានសម្រស់កាន់តែស្រស់ស្អាតបន្ទាប់ពីដើមឈើដែលត្រូវដាំនោះលូតលាស់ ធ្វើឱ្យក្រុងបាត់ដំបង ក្លាយជាទីក្រុងបៃតង ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តបាត់ដំបងកាន់តែច្រើនឡើងថែមទៀត។ រដ្ឋបាលខេត្តបញ្ជាក់ថាដើម្បីចូលរួមក្នុងយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានចូលរួមឧបត្ថម្ភថវិកាចំនួន ៥.០០០.០០០រៀល (ប្រាំលានរៀល) និងលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ដែលបានចូលរួមឧបត្ថម្ភថវិកាចំនួន ៥.០០០.០០០រៀល សម្រាប់ចូលរួមចំណែក ចំណាយលើកូនឈើដែលត្រូវដាំក្នុងក្រុងបាត់ដំបងផងដែរ ៕




ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






