ព័ត៌មានជាតិ

អត្តពលិកជាតិ-អន្តរជាតិបានចុះឈ្មោះ ១៣៧៦នាក់ សម្រាប់ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ នាថ្ងៃទី៤ ខែសីហា

BY
Khmernote Media
June 20, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ លើទី៩ (9th Angkor Empire Marathon 2024) ដែលគ្រោងនឹងប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប មកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះមានកីឡាករ កីឡាការិនីជាតិ-អន្តរជាតិបានចុះឈ្មោះចូលរួមរត់បានចំនួន ១៣៧៦នាក់ហើយ ខណៈក្តីរំពឹងនឹងអាចឈានដល់ជាង ៣០០០នាក់រហូតដល់ថ្ងៃបិទបញ្ជីនៃការចុះឈ្មោះ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការ NOCC នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ ដែលមានវិញ្ញាសាគោលចម្ងាយ ៤២គីឡូម៉ែត្រមានគោលដៅចម្បងស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឱ្យមកទស្សនាតំបន់អង្គរ ដោយសារខែសីហានេះជារដូវភ្ញៀង ដូច្នេះភ្ញៀវទេសចរមានការធ្លាក់ចុះ។ អគ្គលេខាធិការ NOCC បន្ថែមថា ការរត់ប្រណាំងអន្តរជាតិ នៅលើទឹកដីអង្គរ ខេត្តសៀមរាប មានគោលបំណង ចម្បង ដើម្បីជំរុញដល់ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិន ជប៉ុន ម៉ាឡេស៊ីជាដើមមកទស្សនានៅទីនោះ ពីព្រោះអាជីវករលក់ដូរ និងសណ្ឋាគារមានផលលំបាក។ ដូច្នេះគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងគណៈកម្មការរៀបចំរត់ម៉ារ៉ាតុងរៀបចំខែសីហា ក្នុងការជួយពួកគាត់តែម្តង។

សម្រាប់ការចុះឈ្មោះ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរឆ្នាំ២០២៤ មកដល់ថ្ងៃនេះ កីឡាករ កីឡាការិនីមកចិនមានធ្លាក់ចុះ ដូច្នេះការរត់ឆ្នាំនេះអ្នកចូលរួមរត់ច្រើនជាងគេឈរនៅលំដាប់ទី១ គឺជប៉ុន បន្ទាប់មកលេខ២ ចិន និងលេខ៣ ប្រទេសម៉ាឡេស៊ី។

ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ ដើម្បីស្ដារមុខមាត់ឡើងវិស័យទេសចរណ៍ខេត្តសៀមរាបដល់ប្រជាជន ដែលប្រកបមុខរបររកស៊ីនៅខេត្តនេះ ហើយក៏ស្វែងរកមូលនិធី មនុស្សធម៌ មិនមែនធ្វើអាជីវកម្មឡើយ ព្រោះថវិការកបានទិវាប្រណាំងអន្តរជាតិមួយនេះ ជារៀងរាល់ឆ្នាំតែងតែយកទៅធ្វើមនុស្សធម៌ដល់មន្ទីរពេទ្យគន្ធបុប្ជា។

ជាមួយគ្នានេះ លោក សែម ផល្លា នាយកចាត់ការទូទៅទិវាម៉ារ៉ាតុងក៏បានអំពាវនាវដល់មហាជនខ្មែរ និងជនបរទេសនានាសូមចូលរួមចុះឈ្មោះចូលរួមរត់ប្រណាំងឱ្យបានច្រើនកុះករ។ ទិវានេះមានវិញ្ញាសារត់ម៉ារ៉ាតុង ចម្ងាយ ៤២ គីឡូម៉ែត្រ (Full Marathon), ២១ គីឡូម៉ែត្រ (Half Marathon), ១០គីឡូម៉ែត្រ និងរត់ចម្ងាយ ៣គីឡូម៉ែត្រសម្រាប់ការកម្សាន្តសប្បាយលក្ខណៈក្រុមគ្រួសារនិងក្រុមក្មេងៗ។

លោក សែម ផល្លា គូសបញ្ជាក់ថា ទិវារត់ប្រណាំងអន្តរជាតិ ចក្រភពអង្គរ នេះ គឺគណៈកម្មការរៀបចំតែងជំរុញដល់ការរៀបចំឱ្យកាន់តែមានគុណភាពពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសលើការថែរក្សាលើសុខសុវត្ថិភាពជូនអ្នកអត់ទាំងអស់ ដើម្បីទាក់ទាញអ្នករត់ជាតិ និងអន្តរជាតិចូលរួមឱ្យកាន់តែច្រើនឡើងបន្ថែមទៀត ពីព្រោះនេះជាទិវារត់ប្រណាំងអន្តរជាតិ ដើម្បីកិត្តិយសសង្គមជាតិរបស់យើងផង តាមរយៈព្រឹត្តិការណ៍កីឡានេះ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: