អន្តរជាតិ

ក្នុងរយៈពេល ៦ថ្ងៃចុងក្រោយនេះ មានពលរដ្ឋប៉ាគីស្ថាន ៥៦៨នាក់បានបាត់បង់ជីវិតដោយសារបញ្ហារលកកម្តៅ

BY
Pheakdey
June 27, 2024

ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មានពលរដ្ឋប៉ាគីស្ថានចំនួន ៥៦៨នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហារលកកម្តៅនៅក្នុងរយៈពេល ៦ថ្ងៃចុងក្រោយនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា។ ទីតាំងដែលកំពុងរងការគំរាមគំហែងដោយសារបញ្ហារលកកម្តៅនេះ គឺតំបន់ដែលស្ថិតនៅប៉ែកខាងត្បូងប្រទេសប៉ាគីស្ថាន ដោយនៅទីនោះសីតុណ្ហភាពបានកើនឡើងរហូតដល់ជាង ៤០អង្សាសេ និងបន្ថែមជាមួយចំហាយក្តៅយ៉ាង​ខ្ពស់នៅក្នុងបរិយាកាសទៀតនោះ គឺវាបានធ្វើឱ្យពលរដ្ឋមានអារម្មណ៍ក្តៅដូចស្ថិតនៅក្រោមសីតុណ្ហភាព ៤៩អង្សាសេអីចឹង។

បើតាមអាជ្ញាធរប៉ាគីស្ថានបានបញ្ជាក់ថា កាលពីថ្ងៃអង្គារ ទី២៥ ខែមិថុនាកន្លងទៅ គឺជាថ្ងៃដែលមានមនុស្សស្លាប់ច្រើនជាងគេដោយនៅក្នុងថ្ងៃនោះតែមួយថ្ងៃមានអ្នកស្លាប់រហូតដល់ ១៤១នាក់។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងនោះ គឺមានជនរងគ្រោះចំនួន ២៦៧នាក់បានស្លាប់ដោយសារបញ្ហាដាច់សរសៃឈាមក្នុងខួរក្បាល បន្ទាប់ពីពួកគេបានព្យាយាមធ្វើការងារនៅក្រោយកម្តៅថ្ងៃខ្លាំងអស់រយៈពេលជាច្រើនម៉ោង ខណៈជនរងគ្រោះចំនួន ៣០១នាក់ផ្សេងទៀតមិនត្រូវបានគេរកឃើញមូលហេតុជាក់លាក់ដែលបណ្តាលឱ្យ​ស្លាប់ឡើយ ដោយគេដឹងត្រឹមថា ពួកគេបានដួលសន្លប់ហើយបន្តិចក្រោយមកក៏ស្លាប់បន្ទាប់ពីពួកគេបានស្ថិតនៅក្នុងក្រោមកម្តៅថ្ងៃខ្លាំងក្នុងរយៈពេលយូរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

Share This Post: