អន្តរជាតិ

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងរយៈពេល ៨៨ឆ្នាំ បានធ្វើឱ្យដំបូលព្រលានយន្តហោះនៅឥណ្ឌាបាក់ធ្លាក់មកយ៉ាងលឿន និងបណ្តាលឱ្យអ្នកដំណើរមួយចំនួនត្រូវបាត់បង់ជីវិតនិងរងរបួស

BY
Pheakdey
June 29, 2024

ឥណ្ឌា៖ ព្រលានយន្តហោះអន្តរជាតិ​ Indira Gandhi International Airport របស់ប្រទេសឥណ្ឌាបានជួបប្រទះគ្រោះថ្នាក់ដ៏កម្រមួយកាលពីល្ងាចថ្ងៃទី២៨ ខែមិថុនាកន្លងទៅនេះ ដោយដំបូលមួយផ្នែករបស់អគារព្រលានយន្តហោះ បានបាក់ធ្លាក់ចុះមកយ៉ាងឆាប់រហ័ស និងបានបណ្តាលឱ្យអ្នកដំណើរម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។ ក្រៅតែពីបានបណ្តាល​​ឱ្យមានមនុស្សស្លាប់ហើយ ហេតុការណ៍អកុសលនេះ ក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៨នាក់ផ្សេងទៀតបានរងរបួស ហើយជើងយន្តហោះជាង ៤០ជើងត្រូវបានពន្យារពេលជាបន្ទាន់ផងដែរ។

បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ដំបូលរបស់ព្រលានយន្តហោះបានបាក់ធ្លាក់ចុះមកក្រោយនៅតំបន់ព្រលានយន្តហោះនោះបានទទួលរងនូវឥទ្ធិពលភ្លៀងធ្លាក់យ៉ាងខ្លាំង ពោលគឺជាភ្លៀងដែលបានធ្លាក់ក្នុងកម្រិតដ៏ច្រើនបំផុតមិនធ្លាប់មាននោះទេនៅក្នុងរយៈពេល ៨៨ឆ្នាំចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍ដ៏កម្រនេះបានកំពុងតែបង្កឱ្យមានការព្រួយបារម្ភ និងការជជែកវែកញែកគ្នាយ៉ាងផុសផុលនៅក្នុងចំណោមប្រជាពលរដ្ឋឥណ្ឌា ដ្បិតពួកគេបារម្ភថា នៅពេលមានភ្លៀងធ្លាក់ខ្លាំងនៅពេលក្រោយទៀត គឺហេតុការណ៍ដូចគ្នា ក៏អាចកើតមានគ្រប់ទីកន្លែងផងដែរ ខណៈពួកគេមិនដឹងថាត្រូវត្រៀមការពារខ្លួនពីគ្រោះថ្នាក់ចៃដន្យដូចនេះដោយរបៀបណានោះទេ៕

 អត្ថបទ៖ ភក្តី

ប្រភព៖ Strait Time

Share This Post: