អន្តរជាតិ

ចិនកំពុងអភិវឌ្ឍឆ្កែយន្តឆ្លាតវ័យដើម្បីជួយសម្រួលការធ្វើដំណើររបស់ក្រុមពលរដ្ឋពិការភ្នែក

BY
Pheakdey
July 1, 2024

ចិន៖ ក្រុមអ្នកវិទ្យាសាស្រ្តចិនកំពុងអភិវឌ្ឍឆ្កែយន្តដ៏ឆ្លាតវ័យបំផុតមួយសម្រាប់ជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកពិការភ្នែក ខណៈបច្ចេកវិទ្យាដ៏ទំនើបនេះគឺជាក្តីសង្ឃឹមថ្មីមួយរបស់ក្រុមពលរដ្ឋដែលកំពុងមានបញ្ហាពិការភ្នែករាប់លាននាក់នៅទូទាំងប្រទេសចិន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express បានបញ្ជាក់ថា ឆ្កែយន្តឆ្លាតវ័យនេះកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ ហើយវាត្រូវបានរចនាឡើងដោយមានជើងចំនួន៦ និងត្រូវបានគេដាក់ឱ្យដំណើរការដោយបច្ចេកវិទ្យា AI ឬបញ្ញាសិប្បនិម្មិត។

បើតាមលោកសាស្រ្តាចារ្យ Gao Feng ដែលជាអ្នកស្រាវជ្រាវនៅសាលាវិស្វកម្មមេកានិចនៃសាកលវិទ្យាល័យ Shanghai Jiaotong បានបញ្ជាក់ថា នៅជុំវិញឆ្កែយន្តមានបំពាក់ទៅដោយកាមេរ៉ា និង Sensor យ៉ាងទំនើប ដែលអនុញ្ញាតឱ្យឆ្កែយន្តអាចដឹងអំពីឧបសគ្គនៅជុំវិញខ្លួនជាច្រើនម៉ែត្រ ហើយឆ្កែយន្តក៏មានសមត្ថភាពអាចដឹងអំពីភ្លើងសញ្ញាចរាចរណ៍ផងដែរ។ លោកសាស្រ្តចារ្យរូបនេះបានបន្តថា ឆ្កែយន្តឆ្លាតវ័យនេះនឹងមានតម្រូវការយ៉ាងខ្ពស់នៅក្នុងប្រទេសចិនក្នុងពេលអនាគត ដ្បិតគិតត្រឹមពេលនេះនៅទូទាំងប្រទេសចិនមានពលរដ្ឋពិការភ្នែករហូតដល់ចំនួណ ២០លាននាក់ ខណៈឆ្កែយន្តដែលគេអាចប្រើប្រាស់សម្រាប់ជួយពួកគេបានគិតត្រឹមពេលនេះមានចំនួនត្រឹមតែ ៤០០គ្រឿងប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ VN Express

Share This Post: