មន្ទីរពេទ្យសម្ភពមួយនៅវៀតណាម បើកដំណើរការធនាគារទឹកដោះ ដើម្បីផ្គត់ផ្គង់ទឹកដោះធម្មជាតិដល់កុមារដែលខ្វះខាត
មន្ទីរពេទ្យសម្ភពឈានមុខគេមួយនៅទីក្រុងហូជីមិញ គ្រោងនឹងបើកដំណើរការធនាគារទឹកដោះគោស្តង់ដារអន្តរជាតិដំបូងរបស់ទីក្រុងនៅសប្តាហ៍ក្រោយ ដែលជាដំណោះស្រាយចំពោះភាព «កង្វះទឹកដោះគោជីវសាស្ត្រ» សម្រាប់ទារកទើបនឹងកើត។ ប្រធាននាយកដ្ឋាននៅមន្ទីរពេទ្យ Tu Du Maternity បានមានប្រសាសន៍ថា ធនាគារទឹកដោះនឹងជួយថែរក្សាប្រភពទឹកដោះ ដើម្បីផ្គត់ផ្គង់សម្រាប់ទារកដែលកើតមិនគ្រប់ខែ។ ធនាគារទឹកដោះរបស់មនុស្សនេះ គឺជាសេវាកម្មមួយសម្រាប់អ្នកដែលមានបំណងចែកចាយទឹកដោះរបស់ពួកគេ និងបរិច្ចាគទឹកដោះទៅដល់ទារកដែលងាយរងគ្រោះ កុមារកំព្រា ឬម្តាយដែលមិនសូវមានទឹកដោះ។

ជាមធ្យមមន្ទីរពេទ្យ Tu Du Maternity បញ្ជូន និងផ្តល់ការព្យាបាលដល់ទារកប្រហែលជា ៦,០០០ ទៅ ៧,០០០នាក់ ដែលកើតមកមានទម្ងន់ស្រាលជារៀងរាល់ឆ្នាំ ប៉ុន្តែមានតែ ៣០ភាគរយ នៃទារកទើបកើត (ដែលមានជំងឺ) អាចបៅដោះដោយម្តាយរបស់ពួកគេបាន។ គួរឱ្យដឹងផងដែរថា ធនាគារទឹកដោះរបស់មនុស្សដំបូងគេនៅលើពិភពលោក ត្រូវបានបើកដំបូងនៅទីក្រុង Vienna ប្រទេសអូទ្រីស ក្នុងឆ្នាំ ១៩០៩ ហើយប្រទេសវៀតណាម បានចាប់ផ្តើមដំណើរការសេវានេះនៅមន្ទីរពេទ្យ Da Nang នៅឆ្នាំ ២០១៧ ប៉ុន្តែទើបតែមានធនាគារស្តង់ដារមួយផ្ទាល់ខ្លួននៅពេលនេះ។ បើយោងទៅតាមអង្គការសុខភាពពិភពលោក (WHO) ទារកទើបនឹងត្រូវការការចិញ្ចឹមដោយទឹកដោះម្តាយតែមួយគត់រយៈពេល ៦ខែ ដំបូងនៃជីវិតរបស់ពួកគេ ដែលការធ្វើបែបនេះនឹងជួយកាត់បន្ថយអត្រាមរណៈរបស់កុមារ និងមានអត្ថប្រយោជន៍ដល់សុខភាពរបស់ពួកគេនៅពេលធំដឹងក្តី៕

អត្ថបទ៖ លីដា
ប្រភព៖ vietnaminsider