អន្តរជាតិ

ជប៉ុនដាក់ឱ្យចរាចរក្រដាសប្រាក់ថ្មីជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ

BY
Pheakdey
July 3, 2024

ជប៉ុន៖ រដ្ឋាភិបាលនៃប្រទេសជប៉ុនបានសម្រេចដាក់ឱ្យចរាចរក្រដាសប្រាក់ថ្មីជាលើកដំបូងនៅក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី៣ ខែកក្កដានេះ។ ក្រដាសប្រាក់ដែលទើបត្រូវបានបោះពុម្ពនិងដាក់ឱ្យប្រើប្រាស់ថ្មីនោះមានបីប្រភេទ គឺក្រដាសប្រាក់ ១,០០០ យេន (៦,១៨ ដុល្លារ) ក្រដាកប្រាក់ ៥,០០០យេន (៣០,៨៩ ដុល្លារ) និងក្រដាសប្រាក់ ១០,០០០យេន (៦១,៧៨ ដុល្លារ)។

ប្រភពខាងលើបានបន្តថា​ នៅក្នុងក្រដាសប្រាក់ទាំង ៣ប្រភេទនេះបានរំលេចទៅដោយរូបភាពរបស់បុគ្គលសំខាន់ៗចំនួន ៣នាក់ផ្សេងគ្នា ដែលជានិមិត្តរូបនៅក្នុងវិស័យអប់រំ វិទ្យាសាស្រ្ត និងហិរញ្ញវត្ថុ ដោយក្នុងនោះរួមមាន៖

១-នៅក្នុងក្រដាសប្រាក់ ១,០០០ យេន មានរូបលោក Shibasaburo Kitasato ជាអ្នកវិទ្យាសាស្រ្តដំបូងគេដែលបានត្រួសត្រាយផ្លូវក្នុងវិស័យវេជ្ជសាស្រ្តជប៉ុន (កើតនៅក្នុងឆ្នាំ ១៨៥៣ និងស្លាប់នៅក្នុងឆ្នាំ ១៩៣១)

២-នៅក្នុងក្រដាសប្រាក់ ៥,០០០ យេន មានរូបលោកស្រី Umeko Tsuda ដែលជាស្ថាបនិកបង្កើតមហាវិទ្យាល័យស្រ្តីដំបូងគេនៅក្នុងប្រទេសជប៉ុន (កើតនៅក្នុងឆ្នាំ ១៨៦៤ និងស្លាប់នៅក្នុងឆ្នាំ ១៩២៩)

៣-នៅក្នុងក្រដាសប្រាក់ ១០,០០០​ យេន មានរូបលោក Eiichi Shibusawa ដែលជាស្ថាបនិកធនាគារដំបូងគេនៅក្នុងប្រទេសជប៉ុន (កើតនៅក្នុងឆ្នាំ ១៨៤០ និងស្លាប់នៅក្នុងឆ្នាំ ១៩៣១៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: