អន្តរជាតិ

ក្រុមហ៊ុន BYD របស់ចិន​​ បោះទុនជិត ៥០០លានដុល្លារ បើករោងចក្រផលិតរថយន្តអគ្គិសនីក្នុងប្រទេសថៃ និងជារោងចក្រទីមួយនៅតំបន់អាស៊ីអាគ្នេយ៍

BY
Pheakdey
July 4, 2024

ថៃ៖ ក្រុមហ៊ុនផលិតរថយន្ត BYD របស់ចិនបានបើករោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសថៃ ហើយវាក៏ជារោងចក្រដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៤​​ ខែកក្កដា។ បើតាមលោក Wang Chuanfu ដែលជាប្រធាននិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន BYD បានបញ្ជាក់ថា ការបើករោងចក្រផលិតរថយន្តនៅក្នុងប្រទេសថៃនេះក៏ជាផ្នែកមួយជួយនាំយកវិស័យបច្ចេកវិទ្យាពីប្រទេសចិនទៅកាន់ប្រទេសថៃផងដែរ។

លោក Wang Chuanfu បានបន្តថា ការសម្រេចបើករោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងប្រទសថៃនៅពេលនេះគឺដោយសារការមើលឃើញថា ថៃជាប្រទេសដែលមានចក្ខុវិស័យច្បាស់លាស់ក្នុងការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ហើយថៃក៏ជាទីតាំងដែលផ្តល់ភាពងាយស្រួលក្នុងការនាំចេញរថយន្តអគ្គិសនីនៅកាន់បណ្តាលប្រទេសទាំង ១០ដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ប្រភពខាងលើបានបន្តថា ការបើករោងចក្រផលិតរថយន្តដើរដោយថាមពលអគ្គិសនីនៅក្នុងប្រទេសថៃនៅពេលនេះគឺជាការវិនិយោគក្នុងទំហំទឹកប្រាក់ ៤៩០លានដុល្លារ ហើយវាគឺផ្នែកមួយនៃគម្រោងវិនិយោគតម្លៃ ១,៤៤ពាន់លានដុល្លារបស់ក្រុមហ៊ុន BYD នៅក្នុងតំបន់អាស៊ី។

តាមគម្រោងគឺរោងចក្រផលិតរថយន្តដើរដោយថាមពលអគ្គិសនីនៅក្នុងប្រទេសថៃនឹងមានសមត្ថភាពអាចផលិតរថយន្តបានចំនួន ១៥០,០០០គ្រឿងនៅក្នុងមួយឆ្នាំ​ សម្រាប់ដាក់លក់នៅក្នុងប្រទេសថៃនិងចែកចាយទៅកាន់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះរថយន្តដើរដោយថាមពលអគ្គិសនីរបស់ចិនបានវាយលុកទីផ្សារពិភពលោកយ៉ាងខ្លាំង ខណៈកាលពីឆ្នាំមុនទីផ្សារលក់រថយន្តដើរដោយថាមពលអគ្គិសនីនេះបានបង្កើតប្រាក់ចំណូលសរុបទៅកាន់ក្រុមអ្នកផលិតរថយន្តចិនចំនួន ៤,១ពាន់លានដុល្លារផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: