អន្តរជាតិ

ក្នុងសំណុំរឿង “និនចារអណ្តើកទំនើង” អាជ្ញាធរម៉ាឡេស៊ីបានជួយសង្គ្រោះសត្វអណ្តើក ៤០០ក្បាល ដែលមានតម្លៃជាង ៨០ម៉ឺនដុល្លារ

BY
Pheakdey
July 4, 2024

ម៉ាឡេស៊ី៖ អាជ្ញាធរម៉ាឡេស៊ីបានរឹបអូសសត្វអណ្តើកចំនួន ៤០០ក្បាលពីក្រុមអ្នករត់ពន្ធសត្វព្រៃខុសច្បាប់ ខណៈអណ្តើកទាំងអស់នោះគឺសុទ្ធតែជាពូជអណ្តើកកម្រនិងកំពុងត្រូវបានគេអភិរក្សផងដែរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា។ ការបង្រ្កាបករណីរត់ពន្ធនេះគឺផ្នែកមួយនៃយុទ្ធនាការបំបែកសំណុំរឿងឧក្រិដ្ឋកម្មជួញដូរសត្វដណ្តើកខុសច្បាប់លក្ខណៈអន្តរជាតិ ដែលអាជ្ញាធរម៉ាឡេស៊ីបានហៅសំណុំរឿងនេះថា “និនចារអណ្តើកទំនើង” (Ninja Turtle Gang)។

បើតាមលោក Abdul Kadir Abu Hashim ដែលជាអគ្គនាយនៃអគ្គនាយកដ្ឋានសត្វព្រៃ និងឧទ្យានជាតិម៉ាឡេស៊ីបានបញ្ជាក់ថា សត្វអណ្តើកទាំង ៤០០ក្បាលនេះមានតម្លៃជាទឹកប្រាក់ចំនួន ៣,៨លានរីងហ្គីត (៨០៥,០៨៤ដុល្លារអាមេរិក) ហើយក្រុមជនខិលខូចបានព្យាយាមលាក់សត្វដណ្តើកទាំងនេះនៅក្នុងវ៉ាលីរបស់ពួកគេនិងព្យាយាមរត់ពន្ធតាមផ្លូវអាកាសនិងតាមផ្លូវគោកផងដែរ។ អគ្គនាយករូបនេះបានបន្តថា​ ចាប់តាំងពីអនុវត្តយុទ្ធនាការបំបែកសំណុំរឿង “និនចារអណ្តើកទំនើង” មកអាជ្ញាធរម៉ាឡេស៊ីបានជួយសង្គ្រោះសត្វអណ្តើករាប់ពាន់ក្បាលហើយ ខណៈសត្វអណ្តើកដែលបានជួយសង្គ្រោះចេញពីដៃក្រុមជនខិលខូចគឺត្រូវបានគេយកទៅដាក់ចិញ្ចឹមនៅតាមសួនសាធារណៈ សួនសត្វ និងដែនជម្រកសត្វអណ្តើកដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរម៉ាឡេស៊ី៕

អត្ថបទ៖ភក្តី

ប្រភព៖ Channel News Asia

Share This Post: