ក្មេងសោះតែមានទំនួលខុសត្រូវ ជ្រុលជិះកង់កិនកូនមាន់ ហើយយកទៅពេទ្យសង្គ្រោះបន្ទាន់ រហូតទទួលបានរង្វាន់កិត្តិយសពីសាលា
យោងទៅតាម AsiaOne បានឱ្យដឹងថា ក្មេងប្រុសអាយុ ៦ឆ្នាំ ម្នាក់ត្រូវបានគេប្រទះឃើញប្រញាប់ប្រញាល់យកសពកូនមាន់ទៅមន្ទីរពេទ្យ ដោយសាររូបគេជ្រុលជិះកង់កិនពីលើវាស្លាប់។ ក្មេងប្រុសម្នាក់នេះមានឈ្មោះ Derek C Lalchhanhima មកពី Sairang ប្រទេសឥណ្ឌា រឿងរ៉ាវរបស់គាត់បានកំពុងតែល្បីល្បាញពេញប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីរូបថតដែលមានកាន់សាកសពកូនមាន់ម្ខាង និងដៃម្ខាងទៀតកាន់ក្រដាសប្រាក់ ១០រូពី របស់គាត់ត្រូវបានគេបង្ហោះនៅលើ Facebook ។

ក្មេងប្រុសម្នាក់នេះបានជ្រុលជិះកង់កិនពីលើកូនមាន់របស់អ្នកជិតខាង ហើយបន្ទាប់មកគាត់ក៏យកសពកូនមាន់នោះមកមន្ទីរពេទ្យជាមួយនឹងលុយបន្តិចបន្តួចដែលមានជាប់ខ្លួនគាត់។ ការពិតទៅគាត់បានទៅសុំឱ្យគ្រួសារនាំកូនមាន់នេះទៅមន្ទីរពេទ្យជាមួយគាត់ ប៉ុន្តែគ្រួសារគាត់បានប្រាប់ថា ឱ្យគាត់ទៅម្នាក់ឯងចុះ ហើយគាត់ក៏បានរត់ទៅមន្ទីរពេទ្យម្នាក់ឯងពិតមែន។
បន្ទាប់មកកុមារាក៏ត្រឡប់មកផ្ទះវិញជាមួយទឹកមុខខកចិត្ដ ដោយសារកូនមាន់នោះបានស្លាប់បាត់ទៅហើយ។ ចំណែកគ្រួសាររបស់គាត់បានប្រាប់សារព័ត៌មានថា Derek តែងតែជាក្មេងដែលពិសេស និងមានសេចក្ដីមេត្ដាម្នាក់នៅក្នុងគ្រួសារ។ យ៉ាងណាមិញកាលពីថ្ងៃទី ០៤ កន្លងទៅ កុមារា Derek ក៏បានទទួលរង្វាន់កិត្តិយសពីសាលារបស់គាត់ ចំពោះទង្វើល្អនិងមានទំនួលខុសត្រូវរបស់គាត់ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz