មេរោគឆ្លងតាមសត្វឆ្កែដ៏កាចសាហាវមួយបានកើតមាននៅអង់គ្លេសជាលើកដំបូង
យោងតាមសារព័ត៌មានចក្រភពអង់គ្លេសបានរាយការណ៍ថា កាលពីពេលថ្មីៗនេះមានមេរោគឆ្លងតាមសត្វឆ្កែដ៏កាចសាហាវមួយបានកើតមានចំពោះសត្វឆ្កែនៅក្នុងប្រទេសអង់គ្លេស ហើយមេរោគនេះអាចឆ្លងទៅកាន់មនុស្សទៀតផង។ មេរោគដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតនេះត្រូវបានគេហៅថា Leishmaniasis ជាប្រភេទប៉ារ៉ាស៊ីតដែលអាចចម្លងពីឆ្កែមួយក្បាលទៅកាន់ឆ្កែមួយក្បាលទៀត ខណៈសត្វឆ្កែមួយក្បាលមានរបួសហើយទៅប៉ះពាល់ ឬនៅក្បែរសត្វឆ្កែដែលមានផ្ទុកមេរោគនេះ។ ហើយប្រសិនបើឆ្កែដែលមានមេរោគនេះទៅខាំមនុស្ស វាក៏អាចចម្លងទៅកាន់មនុស្សបានទៀតផងដែរ។
សម្រាប់ករណីនៅក្នុងប្រទេសអង់គ្លេសវិញគឺមានសត្វឆ្កែមួយក្បាល ដែលមានផ្ទុកមេរោគនេះបានស្លាប់ ក្រោយវាមានអាការៈស្រកទម្ងន់យ៉ាងលឿន ក្អួត និងក្តៅខ្លួនរហូតដល់ស្លាប់តែម្តង។ យ៉ាងណាក្តីគេមិនទាន់រកឃើញថា មេរោគនេះត្រូវបានចម្លងទៅកាន់សត្វឆ្កែផ្សេងទៀតនោះ ដោយមន្ទីរសុខាភិបាលអង់គ្លេសបានអះអាងថា វាជាករណីទី ១ ហើយគេនឹងព្យាមទប់ស្កាត់មិនឲ្យមានការរាតត្បាតក្នុងចំណោមសត្វឆ្កែនៅក្នុងប្រទេសអង់គេ្លសឡើយ។ យ៉ាងណាក្តី មន្ទីរសុខាភិបាលអង់គ្លេសបានអំពាវនាវដល់ម្ចាស់ឆ្កែទាំងអស់ត្រូវតាមដាន និងពិនិត្យសុខភាពឆ្កែរបស់ខ្លួនឲ្យបានទៀងទាត់ ហើយក្នុងករណីដែលសង្ស័យថា ឆ្កែមានមេរោគខាងលើត្រូវប្រញាប់ទៅជួយពេទ្យសត្វជាបន្ទាប់ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា៕

អត្ថបទ៖ ភក្តី
ប្រភព៖ mirror
