ប្រមុខរាជរដ្ឋាភិបាលថ្លែងបញ្ជាក់ថា បរទេសស្រឡាញ់ទឹកដីខ្មែរជារឿងគេ តែទឹកដីកម្ពុជាទុកសម្រាប់តែកូនចៅខ្មែរ មិនអាចឱ្យបរទេសនោះទេ
- August 6, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា មានគេថាបរទេសស្រឡាញ់ទឹកដីខ្មែរណាស់ តែសូមប្រាប់ថាការស្រឡាញ់ជារឿងរបស់គេ តែទឹកដីកម្ពុជាទុកសម្រាប់កូនចៅខ្មែរមិនអាចឱ្យបរទេសនោះទេ។ ការថ្លែងបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ” នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ម្សិលមិញក្នុងពិធីសម្ភោធបើកជាផ្លូវការ គម្រោងសាងសង់ព្រែកជីក ហ្វូណនតេជោ មានគេព្រួយបារម្ភអំពីការបាត់បង់ទឹកដីកម្ពុជាពីការកសាងគម្រោងព្រែកជីកនេះ ហើយមានអ្នកខ្លះគេ គិតថាត្រូវកុំធ្វើគម្រោងនេះ។ ពិតណាស់បងប្អូនភាគតិច ឬភាគច្រើន ដែលគាំទ្រនៅតែជាខ្មែរតែមួយ មានសិទ្ធិក្នុងការបញ្ចេញទស្សនៈរបស់ខ្លួននូវកង្វល់ ឬមន្ទិលសង្ស័យ»។
សម្តេចធិបតីបានអះអាងថា រាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍអ្វីសុទ្ធតែបានគិតណាស់ដើម្បីផ្តល់ផលប្រយោជន៍ជាតិជាធំ និងប្រយោជន៍ប្រជាជន ហើយគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងជំរុញធ្វើឱ្យចប់ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងអ្នកគាំទ្រ និងអ្នកមិនគាំទ្រ និងអ្នកនៅស្រពេចស្រពិលឱ្យឃើញជាក់ស្តែងថាគម្រោងនេះធ្វើឡើងដើម្បីលើកកម្រិតឯករាជ្យភាពរបស់កម្ពុជាក្នុងវិស័យដឹកជញ្ជូន។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា៖ «អីចឹងដើម្បីឱ្យឃើញជាក់ស្តែងកុំឱ្យមានមន្ទិលសង្ស័យ នៅម៉ោងនេះយើងអាចនិយាយបានថាអ្នកសិក្សា និស្សិតធ្វើសកម្មភាពផ្អែកលើចំណុចពីរ គឺ១គិតតាមរយៈការប្រើប្រាស់ខួរក្បាលផ្អែកលើសម្មតិកម្ម បែបឡូហ្សិក និងមួយទៀតផ្អែកលើអាម្មណ៍បែបមនោសញ្ចេតនា ដូចជាអារម្មណ៍ការពារជាតិ និងអារម្មណ៍ខ្លាចបាត់បង់ជាតិ …»។
ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា អ្នកសិក្សាសូមធ្វើការសិក្សា ក្រោយពីគម្រោងព្រែកជីកហ្វូណនតេជោសាងសង់រួច ហើយមានការបាត់បង់ទឹកដីនោះ។ សម្តេចធិបតីសង្កត់ធ្ងន់ថា៖ «ខ្ញុំឃើញបងប្អូន ហើយអ្នកវិភាគមួយចំនួនថាប្រទេសគេ(បរទេស)គេចង់បាន កុំទុកចិត្តគេ។ ពីណាចង់បានចង់អីទៅ តែខ្ញុំមិនឱ្យ ចង់ធ្វើអ្វីខ្ញុំ។ ខ្ញុំទុកឱ្យកូនចៅខ្មែររបស់ខ្ញុំ ។ ដូចតាមួយនោះនៅក្រៅថា ប្រទេសជិតខាងគេឆ្លាតណាស់ តែខ្ញុំសួរថាខ្មែរយើងហ្នឹងយ៉ាងម៉េច? ខ្មែរហ្នឹងល្ងង់ឱ្យគេយកទឹកដីងាយៗមែនទេ។ ខ្មែរក៏ឆ្លាតដែរ អាចធ្វើអង្គរ និងកសាងសមិទ្ធផលជាច្រើនហើយ»។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឱ្យដឹងផងដែរថា កូនខ្មែរមានសមត្ថភាព ហើយមិនអាងអីពឹងគេរហូតនោះទេ សូមបងប្អូនខ្លះសូមកុំសង្ស័យលើសមត្ថភាពរបស់ខ្មែរខ្លួនឯងក្នុងការគ្រប់គ្រងប្រទេសជាតិខ្លួនឱ្យសោះ ព្រោះខ្មែរយើងក៏មានសមត្ថភាព៕




ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- Share This Post:






