ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា តម្លៃសេវាថតវីដេអូ និងរូបភាព ប្រភេទអាជីវកម្ម គឺបានអនុវត្តតាំងពីឆ្នាំ២០១២មកម៉្លេះ ពុំមានការតម្លើងតម្លៃណាមួយឡើយ

BY
Khmernote Media
August 6, 2024

ខេត្តសៀមរាប៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីការផ្សព្វផ្សាយ និងការពិភាក្សានៅតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹងតម្លៃសេវាថតវីដេអូ និងរូបភាពរបស់អាជ្ញាធរជាតិអប្សរា ដោយបានលើកឡើងថាមានតម្លៃថ្លៃជាដើម។

ពាក់ព័ន្ធនឹង ករណីនេះ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនសាធារណជនទាំងអស់ មេត្តាជ្រាបដូចខាងក្រោម៖

១- តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្ម ដែលបានកំណត់ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ គឺជាតម្លៃនៃសេវាកម្មដែលបានអនុវត្តតាំងពីអំឡុងឆ្នាំ២០១២មកម៉្លេះ និងពុំមានការតម្លើងតម្លៃណាមួយឡើយ។ ក្នុងនោះតម្លៃមួយចំនួនទៀតសោត ក៏ត្រូវបានកែសម្រួលបន្ថយផងដែរ។

២- តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្មនានាដែលដាក់ឱ្យអនុវត្តមានចំនួន ៤ជម្រើស។ អ្នកត្រូវការប្រើប្រាស់សេវាអាចជ្រើសរើសយកជម្រើសណាមួយតាមតម្លៃសមរម្យ ដែលចង់បាន (សូមអានតារាងតម្លៃសេវាសាធារណៈផ្លូវការ ដែលមានក្នុងគេហទំព័រហ្វេសប៊ុកផេកផ្លូវការ របស់អាជ្ញាធរជាតិអប្សរា)។

៣- រាល់តម្លៃសេវាទាំងអស់ ត្រូវបង់ផ្ទាល់ទៅក្នុងធនាគារជាតិសាខាខេត្តសៀមរាប។

៤- អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជនទាំងអស់ បញ្ឈប់ការចែករំលែក ព័ត៌មានដែលផ្ទុយពីការពិត និងចូលរួមចែករំលែកនូវព័ត៌មានពិតដែលមានប្រភពច្បាស់លាស់ ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

Share This Post: