ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរបារាំង ក្រោយរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ប្រកបដោយភាពអធិកអធម និងជោគជ័យ

BY
Khmernote Media
August 12, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី និងប្រជាជនកម្ពុជា បានសម្តែងនូវការអបអរសាទរជាមួយនឹងភាពជោគជ័យរបស់ប្រទេសបារាំង និងប្រជាជនបារាំង ដែលបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់បិទបញ្ចប់នាយប់ថ្ងៃទី១១ ខែសីហា ប្រកបដោយភាពអធិកអធម និងជោគជ័យ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា ព្រឹត្តិការណ៍នោះ បានផ្តល់ឱកាសសម្រាប់កីឡាករកម្ពុជាបានទៅចូលរួមប្រកួត ការស្នាក់នៅ និងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពផងដែរ។ អ្វីដែលពិសេសការផ្តល់កិត្តិយសសម្រាប់សិល្បៈករកម្ពុជា លោក វណ្ណដា ក្នុងការសម្តែងបទចម្រៀងនាពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ​​ ដែលបានផ្តល់នូវកិត្តិយស​ និងបង្ហាញពីសិល្បៈកម្ពុជា ទៅកាន់ពិភពលោក។

សូមរំលឹកថា ការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ បានចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា ដល់បិទបញ្ចប់នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។

សហរដ្ឋអាមេរិក បានទទួលមេដាយច្រើនជាងគេ ១២៦មេដាយ (មាស៤០ ប្រាក់៤៤ និងសំរិទ្ធ ៤២) តាមពីក្រោយដោយប្រទេសចិន ៩១មេដាយ (មាស ៤០ ប្រាក់២៧ និងសំរិទ្ធ២៤) និងជប៉ុន ៤៥មេដាយ (មាស២០ ប្រាក់១៣ និងសំរិទ្ធ១៣) ខណៈម្ចាស់ផ្ទះបារាំង ឈរនៅលេខ៥ មាន៦៤មេដាយ (មាស ១៦ ប្រាក់ ២៦ និងសំរិទ្ធ២២)៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: