ព័ត៌មានជាតិ

ក្រសួងការងារ នឹងបើកកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី១៤ សប្តាហ៍នេះ

BY
Khmernote Media
August 13, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពី កិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។

ក្រសួងការងារ សូមជម្រាបជូនដល់សាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ ឱ្យបានជ្រាបថា កិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ នឹងផ្តើមពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង ២៖០០ រសៀលតទៅ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។

កិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមានេះ នឹងត្រូវពិភាក្សាលើបម្រែបម្រួល នៃលក្ខណវិនិច្ឆ័យបែប សង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ដោយប្រើប្រាស់មូលដ្ឋានទិន្នន័យផ្លូវការស្របច្បាប់ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដូចមានកំណត់ក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕

ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

Share This Post: