ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី សន្យាដោះស្រាយបញ្ហា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យបានផលប្រយោជន៍ទាំងប្រជាពលរដ្ឋ និងការពារប្រាសាទបុរាណ

BY
Khmernote Media
August 13, 2024

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងនៅក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការគ្រប់ គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក(អង្គរ) នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះថា នៅក្នុងរយៈពេល២ថ្ងៃនេះ យើងទទួលបាន សំណូមពរ និងយោបល់ជាច្រើនពីបងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នពាក់ព័ន្ធការគ្រប់ គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក(អង្គរ)។

ឯកឧត្តមបានសន្យាថា នឹងប្រឹងប្រែងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែល កំពុងតែរស់ នៅក្នុងតំបន់ការពាររមណីយដ្ឋានអង្គរឱ្យទទួលបានផលប្រយោជន៍ជាមួយ ជីវភាពប្រសើរផង និងការពារបាននូវប្រាសាទបុរាណនានាដែលជាកេរដំណែលរបស់ ដូនតាខ្មែរ ឱ្យគង់វង្សនិងមានតម្លៃលេចធ្លោជាសកលនៅលើពិភពលោកផងដែរ។

បច្ចុប្បន្ននេះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា គឺតែងតែ អនុវត្តន៍ច្បាប់ជាប្រចាំលើការទប់ស្កាត់ការទន្ទ្រានដីធ្លីធ្វើជាកម្មសិទ្ធិឯកជន និងទប់ស្កាត់ការកើនឡើង នូវសំណង់ខុសច្បាប់មិនឱ្យរីករាលដាល។ ក៏ប៉ុន្តែជាញឹកញាប់ ប្រជាពលរដ្ឋខ្លះ តែងបង្ហាញការមិនសប្បាយចិត្តជាមួយវិធានការរបស់ អាជ្ញាធរ ជាតិអប្សរាទេ ដោយសារតែពេលពួកគាត់ចង់សាងសង់ផ្ទះ បន្ថែម ការធ្វើរបងការពារផលដំណាំនិងធ្វើ ផ្លូវចូលផ្ទះមិនបានជាដើម។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា លោកទទួលស្គាល់ថាការៀបចំ ដើម្បី ការពាររមណីយដ្ឋានអង្គរ គឺមានបញ្ហាជាច្រើនជាមួយនិងប្រជាពលរដ្ឋខ្លះ ដែលរស់នៅ ក្នុងតំបន់ការពារទាំងនោះ ក៏ប៉ុន្តែទោះបីជាយ៉ាងណា គឺត្រូវតែការពារប្រាសាទបុរាណ ទាំង ឡាយដែលជាកេរមរតកដូនតាខ្មែរ ឱ្យបានគង់វង្សបានយូរអង្វែងនិងមាន សោភណភាព។

ឯកឧត្តម សាយ សំអាល់ បានសុំពេលមួយរយៈ ដើម្បីដោះស្រាយ ចំពោះបញ្ហាប្រឈមនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ អាចទទួលបានផលប្រយោជន៍ផង ហើយកិច្ចការពារតំបន់អង្គរឱ្យមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការរុករានដីធ្លីនិងការរីករាលដាលនៃសំណង់ខុសច្បាប់ ក្នុងតំបន់ការពារ បេតិកភណ្ឌរបស់ពិភពលោក បានដោយជោគជ័យផង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរឱ្យបាន ហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយគឺមិនត្រឹមតែយកចិត្តទុកដាក់លើការងារអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានដិត ដល់លើការគ្រប់គ្រងប្រជាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រកបដោយ ចីរភាព សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ នេះគឺជាជំហរដ៏ច្បាស់លាស់ ម៉ឺងម៉ាត់ ឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា នៅដែលបានក្លាយជាមូលដ្ឋានគ្រឹះនៃដំណើរ ការរៀបចំគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរជាបន្តបន្ទាប់ ទៅតាម ដំណាក់កាល៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

Share This Post: