ខេត្តកែប នឹងមានរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់«ឆ្នេរតេជោសន្តិភាពកែប»
- August 15, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការដាក់អោយប្រើអនុវត្តបន្តគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប” សម្រាប់សាធារណៈជន និងទេសចរ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
យោងតាមសេចក្តីសម្រេចរបស់ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានដាក់ឱ្យអនុវត្តបន្តគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោ សន្តិភាពកែប” សម្រាប់សាធារណជននិងទេសចរ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប មានបណ្តោយប្រវែង២ ៧០០ម៉ែត្រ ដូចមានគម្រោងប្លង់ជាឧបសម្ព័ន្ធភ្ជាប់ជាមួយសេចក្តីសម្រេចនេះ ក្នុងនោះមាន៖
-អភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់មានទទឹងប្រវែង៣០ម៉ែត្រ និងតំបន់សុវត្ថិភាពហែលទឹក សមុទ្រកម្សាន្ត
-សាងសង់ជញ្ជាំងទប់ដីការពារឆ្នេរសមុទ្រធ្វើពីបេតុងអារម៉េស្របតាមបណ្តោយឆ្នេរសមុទ្រ
-ផ្លូវថ្មើរជើងចំនួន២គន្លង មានទទឹងប្រវែង៣ម៉ែត្រ ដោយមានផ្លូវសម្រាប់ជនមានពិការភ្នែកនៅចំកណ្តាល ស្របតាមបណ្តោយឆ្នេរសមុទ្រ
-ផ្លូវជិះកង់ចំនួន២គន្លង មានទទឹងប្រវែង៣ម៉ែត្រ ស្របតាមបណ្តោយឆ្នេរសមុទ្រ
-សួនច្បារមានទទឹងប្រវែងយ៉ាងតិច៥០ម៉ែត្រ ដោយត្រូវរៀបចំចាក់ខ្សាច់បំពេញបន្ថែម ស្របតាមស្ថានភាព ដីរដ្ឋជាក់ស្តែងតាមបណ្តោយឆ្នេរសមុទ្រ។
-វិថីនិងអនុវិថីចូលឆ្នេរសមុទ្រចំនួន៥ខ្សែ ដែលមានផ្លូវថ្មើរជើង ផ្លូវថ្មើរជើងសម្រាប់ជនមានពិការភ្នែក និងផ្លូវជិះកង់
-រង្វង់មូលគយគន់ទេសភាពចំនួន២កន្លែង ក្នុងនោះរង្វង់មូលទី១ មានអង្កត់ផ្ចិតប្រវែង៩៩ម៉ែត្រ ស្ថិតនៅ ចុងវិថីចូលឆ្នេរសមុទ្រទី១ ដែលគ្រោងតម្កល់នូវរូបចម្លាក់លោកយាយជំទាវម៉ៅក្នុងទម្រង់មេទ័ពជាញជ័យ និងរង្វង់មូលទី២ មានអង្កត់ផ្ចិតប្រវែង៩៩ម៉ែត្រ ស្ថិតនៅចុងវិថីចូលឆ្នេរសមុទ្រទី២ ដែលគ្រោងរក្សាទុកជា លម្អសាធារណៈសម្រាប់ប្រារព្ធពិធីបុណ្យនិងពិព័រណ៍នានា
-ទំនប់រលកអំពីបេតុងអារម៉េនិងថ្មសម្រាប់ការពារឆ្នេរខ្សាច់និងសម្រាប់កម្សាន្តសាធារណៈ មានបណ្តោយ ប្រវែង១៣៨ម៉ែត្រ និងមានអង្កត់ផ្ចិតប្រវែង១៨ម៉ែត្រ ស្ថិតនៅចុងរង្វង់មូលទី១
-បណ្តាញលូប្រអប់ទឹកភ្លៀងមានមុខកាត់ប្រវែង១ម៉ែត្រ ស្របតាមផ្លូវជិះកង់តាមបណ្តោយឆ្នេរសមុទ្រ និងវិថីនិងអនុវិថីចូលឆ្នេរសមុទ្រទាំង៥ ព្រមទាំងលូអ៊ុយមានមុខកាត់ប្រវែង១, ២ម៉ែត្រស្របតាមបណ្តោយ កំណាត់ផ្លូវជាតិលេខ៣៣A
-ចំណតរថយន្តសាធារណៈនិងបន្ទប់ទឹកសាធារណៈដែលភ្ជាប់ជាមួយនឹងកាហ្វេដ្ឋាននៅទីតាំងក្បែររង្វង់ មូលគយគន់ទេសភាពទាំងពីរទីតាំងសម្រាប់សាធារណជនមកលម្លែកម្សាន្តឆ្នេរ ជាហេដ្ឋារចនាសម្ព័ន្ធ គាំទ្រ ៕





ប្រភព៖ គណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
- Share This Post:






