នារីចិនម្នាក់របួសជាង ៧០ថ្នេរ បន្ទាប់ពីរៀនជ្រមុជទឹកនៅក្នុងអាងត្រីឆ្លាម
ចិន៖ ស្ត្រីម្នាក់បានទទួលការវះកាត់រយៈពេល ៤ម៉ោង និងត្រូវដេររបួសជាង ៧០ថ្នេរ បន្ទាប់ពីរៀនជ្រមុជទឹកជាមួយនឹងត្រីឆ្លាម ហើយរឿងនេះវាបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីបណ្តាញសង្គមរបស់ចិន Weibo។ អ្នកជ្រមុជទឹកដែលទើបតែចូលថ្មីនេះត្រូវបានគេដឹងថា កំពុងរៀនជ្រមុជទឹកនៅក្នុងអាងត្រីឆ្លាម (tiger shark) របស់ឧទ្យានទឹក Dalian Laohutan នៃខេត្ត Liaoning នៅពេលដែលនាងទទួលការវាយប្រហារ ហើយរបាយការណ៍ក៏បានបញ្ជាក់ថា នាងត្រូវត្រីឆ្លាមមួយក្បាលខាំចំពីលើតែម្តង។

នារីម្នាក់នោះមានឈ្មោះថា ណាណា នាងមិនដែលធ្លាប់រៀនជ្រមុជទឹកនោះទេ ហើយនាងបានចំណាយប្រាក់ប្រហែល ៧២០ដុល្លារ សម្រាប់ការរៀនកម្រិតដំបូងនេះ។ ចំណែកកាសែតអង់គ្លេស The Mirror ក៏បានរាយការណ៍ថា អ្នកចាត់ការឧទ្យានទឹកបានផ្ញើសារមួយថាលោកនឹងចេញថ្លៃលើការចំណាយផ្នែកវេជ្ជសាស្រ្តទាំងអស់ និងប្រតិបត្តិការវះកាត់កែសម្ផស្សចាំបាច់ណាមួយផ្សេងទៀតក្នុងពេលអនាគតផងដែរ។ យ៉ាងណាមិញជាធម្មតាត្រីឆ្លាមប្រភេទនេះមិនមែនសុខៗក៏ចេះតែខាំនោះទេ លើកលែងតែវាធុញនឹងអ្វីមួយ ហើយនេះក៏អាចជាមូលហេតុផងដែរ ព្រោះក្នុងចំណោមអ្នករៀនទាំងអស់មានតែ ណាណា ម្នាក់ទេដែលរងការវាយប្រហារ៕

អត្ថបទ៖ លីដា
ប្រភព៖ asiaone