ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្ដម ឃួង ស្រេង បញ្ជាឱ្យមន្ទីរសាធារណការរាជធានីភ្នំពេញ ចុះត្រួតពិនិត្យក្រុមហ៊ុនធ្វើលូរំដោះទឹកខុសបច្ចេកទេស ដោយត្រូវពិន័យតាមច្បាប់

    BY Khmernote Media August 15, 2024
    ឯកឧត្ដម ឃួង ស្រេង បញ្ជាឱ្យមន្ទីរសាធារណការរាជធានីភ្នំពេញ ចុះត្រួតពិនិត្យក្រុមហ៊ុនធ្វើលូរំដោះទឹកខុសបច្ចេកទេស ដោយត្រូវពិន័យតាមច្បាប់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង បានបញ្ជាឱ្យប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើជាប្រធាន ដើម្បីចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៅលើក្រុមហ៊ុនឯកជន ដែលទទួលម៉ៅការសាងសង់លូ ប្រឡាយ រំដោះទឹក ខុសលក្ខណៈបច្ចេកទេស ត្រូវពិន័យ ឬដកហូត តាមច្បាប់ភ្លាម តាមលក្ខខណ្ឌដែលបានទទួល ដើម្បី លូ ប្រឡាយទាំងនោះ មានស្ដង់ដារ និងចៀសវាងនូវការជន់លិច ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញតទៅទៀត។

    ​ឯកឧត្ដម ឃួង ស្រេង បានបញ្ជាបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំស្តី ពីការត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុវត្តគម្រោង វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវការជន់លិច ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

    ​ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវការជន់លិច ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ។ គម្រោងនេះនឹងប្រើប្រាស់ពេលវេលានៃការស្ថាបនាឡើងក្នុងរយៈពេល ៥ឆ្នាំ ដែលមានចំនួន៥០គម្រោងសម្រាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

    ​ឯកឧត្តម ឃួង ស្រេង បានបន្តថា គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលផ្តល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នេះ មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវយកអស់កម្លាំងកាយចិត្តអនុវត្តន៍ឱ្យបានជោគជ័យ ពោល គឺយ៉ាងហោចណាស់២សប្តាហ៍ត្រូវធ្វើរបាយការណ៍ពីវឌ្ឍនភាពការងារនេះ មករដ្ឋបាល រាជធានីភ្នំពេញម្តង។

    ​ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់ក្រុមហ៊ុនទាំងអស់ ដែលទទួល អនុវត្តន៍ការងារគម្រោងរំដោះទឹកចេញពីរាជធានីភ្នំពេញ ត្រូវទទួល ខុសត្រូវតាមកិច្ចសន្យា របស់ខ្លួនពីពោះក្រុមហ៊ុនសុទ្ធតែបានដេញថ្លៃនៅក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុផ្ទាល់។

    ​លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ មានចំនួន៥០គម្រោង ហើយគម្រោងដែលត្រូវអនុវត្តន៍មានចំនួន ២៨គម្រោង និង១៥គម្រោងទៀត កំពុងដោះស្រាយផលប៉ះពាល់ ពិសេស(តំបន់បឹងត្របែក)។ ចំណែក ៧គម្រោងទៀតស្ថិតក្នុងគម្រោងបញ្ជាទិញ មិនទាន់មកដល់។

    ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក សាំ ពិសិដ្ឋ បានបង្ហើបថា គម្រោងដែលស្ថិតក្នុងផលប៉ះពាល់នោះ គឺមានប្រជាពលរដ្ឋ ១៣១ខ្នងផ្ទះ ស្មើនឹង១០០ភាគរយនៅបឹងត្របែក បានដោះស្រាយបញ្ចប់ហើយ ដោយពួកគាត់បានទទួលយកសំណងពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាថ្នូរនៃការរុះរើលំនៅឋានចេញដោយស្ម័គ្រចិត្ត ចេញពីផលប៉ះពាល់នៃគម្រោងនេះ។

    ​លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ក្នុងគម្រោងដែលកំពុងអនុវត្តន៍ទាំង២៨គម្រោងនេះ បានចាប់ផ្តើមអនុវត្តន៍ការងារកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ គិតមកដល់ពេលនេះ មានរយៈពេល ៩៧ថ្ងៃហើយ ដោយជាលទ្ធផលសម្រេច បានចំនួន១២,១៧% ហើយក្នុងផែនការយើងផ្តោតសំខាន់លើតំបន់៤ធំៗ ដែលត្រូវធ្វើឱ្យ ប្រសើរឡើង នៅក្នុងនោះទី១ តំបន់បឹងទំពន់និងបឹងសាឡាង ទី២ តំបន់បឹងត្របែក ទី៣ តំបន់ខាងត្បូងឆៀងខាងកើតប្រលានយន្តហោះភ្នំពេញ និងទី៤ តំបន់ខាងជើង រាជធានីភ្នំពេញ។

    ​សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោល បំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញ នឹងលែងលិចលង់ជាមួយ និងការសាទរពីប្រជាពលរដ្ឋ។ ចំណែក គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា គម្រោងនេះក៏ជាផ្នែក ដ៏សំខាន់មួយក្នុងការរំដោះទឹកភ្លៀងចេញពីរាជធានីភ្នំពេញផងដែរ៕

    ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

    Share This Post: