ក្រុងប៉េកាំងគ្រោងប្រើបច្ចេកវិទ្យាស្កេនមុខមនុស្ស ដើម្បីសម្គាល់មើលមុខភ្ញៀវទេសចរណ៍ ដែលគ្មានសីលធម៌
- April 11, 2019
ចិន៖ ទីក្រុងប៉េកាំងប្រទេសចិនគ្រោងនឹងប្រើប្រាស់កាមេរ៉ាសុវត្ថិភាពរួមជាមួយនឹងបច្ចេកវិទ្យាស្កេនមុខមនុស្ស ដើម្បីសម្គាល់មើលមុខភ្ញៀវទេសចរណ៍ ដែលគ្មានសីលធម៌ក្នុងអំឡុងពេលដើរកំសាន្តនៅក្នុងទីក្រុង។ កន្លងមកគេបានកត់សម្គាល់ឃើញថា ភ្ញៀវទេចរណ៍ចិនជាច្រើននាក់តែងប្រព្រឹត្តិសកម្មភាពអសីលធម៌ ឬមិនសមរម្យទាល់តែសោះក្នុងអំឡុងពេលដែលពួកគេដើរកំសាន្តទាំងក្នុងប្រទេស និងក្រៅប្រទេស។ ជាទូទៅឥរិយាបថអវិជ្ជមានរបស់ពួកគេនោះ បានធ្វើឲ្យប៉ះពាល់ដល់សម្បត្តិសាធារណៈ និងរំខានដល់អ្នកដទៃជាខ្លាំង។ ហេតុនេះហើយទើបទីក្រុងប៉េកាំងគ្រោងនឹងប្រើកាមេរ៉ាសុវត្ថិភាព ដើម្បីស្កេនពិនិត្យមើលមុខជន ដែលមានឥរិយាបថមិនល្អនៅទីសាធារណៈ សួន កន្លែងកំសាន្ត និងសារមន្ទីរជា ដើម្បីកំណត់អត្តសញ្ញាណរបស់ពួកគេទុកសម្រាប់ដាក់ទោសនៅពេលក្រោយ ឬបញ្ចូលឈ្មោះពួកគេទៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលចិន។

នេះមិនមែនជាវិធានការដំបូងទេ ដែលរដ្ឋាភិបាលចិនបានធ្វើឡើងក្នុងគោលបំណងចង់ទប់ស្កាត់ការប្រព្រឹត្តិសកម្មភាព អសីលធម៌ពីសំណាក់ភ្ញៀវទេសចរណ៍នោះ ព្រោះថាកាលពីឆ្នាំមុនរដ្ឋាភិបាលចិនបានសម្រេចមិនលក់សំបុត្រយន្តហោះឲ្យភ្ញៀវទេសចរណ៍ចិនចំនួន ១៧,៥ លាននាក់រួចម្តងមកហើយ ដោយផ្អែកលើឥរិយាបថមិនសមរម្យរបស់ពួកគេ។ សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រសួងវប្បធម៌ និងទេសចរណ៍ចិនបានបង្ហាញថា ពេលមានពិធីបុណ្យពិសេសម្តងៗ តែងមានដំណើរកំសាន្តក្នុងស្រុកប្រមាណជា ១១២ លាន ត្រូវបាបង្កើតឡើយដោយប្រជាជនចិននៅគ្រប់ទិសទី ហើយមួយចំនួននៃភ្ញៀវទេសចរណ៍ទាំងនោះបានប្រព្រឹត្តិសកម្មភាពមិនសមរម្យក្នុងដំណើរកំសាន្តរបស់ពួកគេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark
- Share This Post:










