រកឃើញកម្ទេចយន្តហោះចម្បាំងបំបាំងកាយ F-35 របស់ជប៉ុនដែលបានធ្លាក់កាលពីម្សិលមិញ
កម្ទេចយន្តហោះចម្បាំងបំបាំងកាយ F-35 របស់ជប៉ុនមួយត្រូវបានគេរកឃើញ មួយថ្ងៃបន្ទាប់ពីវាបានបាត់ពីប្រព័ន្ធរ៉ាដានៅលើមហាសមុទ្រប៉ាស៊ីហ្វិក។ ក្រុមមន្ត្រីយោធាជប៉ុនបាននិយាយថា អ្នកបើកបរយន្ដហោះនេះនៅតែបាត់ខ្លួននៅឡើយទេ ហើយផ្នែកខ្លះនៃយន្ដហោះត្រូវបានរកឃើញឡើងវិញក្នុងអំឡុងពេលប្រតិបត្តិការរុករកនៅមហាសមុទ្រ។ គេមិនទាន់ដឹងថាហេតុអ្វីបានជាយន្ដហោះដែលមានអាយុកាលតិចជាងមួយឆ្នាំនេះ បានបាត់ការទាក់ទង ហើយធ្លាក់នោះទេ។
យន្តហោះចម្បាំងនេះបានបាត់ខ្លួននៅវេលាម៉ោង ១៩ និង ២៧នាទី (ម៉ោងនៅជប៉ុន) កាលពីថ្ងៃអង្គារ ខណៈវាកំពុងហោះហើរបាន ១៣៥គីឡូម៉ែត្រ នៅភាគខាងកើតនៃទីក្រុងមីសាវ៉ា ប្រទេសជប៉ុន និងបានបាត់ការទាក់ទងប្រហែល ៣០នាទី ក្រោយពីហោះចេញពីមូលដ្ឋានអាកាសមីសាវ៉ា។ យោងតាមប្រភពដដែលបានឱ្យដឹងថា អ្នកបើកយន្ដហោះដែលបាត់ខ្លួន បានបញ្ជូនសញ្ញាមួយដើម្បីសុំបញ្ឈប់បេសកកម្មនេះ ប៉ុន្តែការទំនាក់ទំនងទាំងអស់ជាមួយគាត់បានដាច់ភ្លាមមិនអាចទាក់ទងបាន។ យ៉ាងណាក៏ដោយក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកបើកយន្តហោះ ដែលមានអាយុ ៤០ឆ្នាំ ម្នាក់នោះផងដែរ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់ជប៉ុន NHK បានឱ្យដឹងថា យន្តហោះនេះមិនដែលមានបញ្ហាណាមួយនោះទេ ហើយប្រទេសជប៉ុនបានដាក់ពង្រាយយន្តហោះចម្បាំង F-35 ដែលមានតម្លៃយ៉ាងហោចណាស់ ៩០លានដុល្លារ ដើម្បីជំនួសយន្តហោះចម្បាំង F-4 ចាស់របស់ខ្លួន។ បច្ចុប្បន្នប្រទេសជប៉ុនបានដាក់ពង្រាយយន្តហោះចម្បាំង F-35 ចំនួន ១២គ្រឿង នៅមូលដ្ឋានមីសាវ៉ាជាបណ្ដោះអាសន្ន។ ហើយនេះជាលើក ទី២ ហើយដែលយន្តហោះចម្បាំង F-35 បានធ្លាក់ តាំងពីយន្តហោះម៉ូដែលនេះបានចាប់ផ្តើមការហោះហើរមក៕

អត្ថបទ៖ លីដា
ប្រភព៖ bbc